សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣បានផ្សាយថា ភ្លៀងធ្លាក់ខ្លាំងសេសសល់ពីព្យុះទីហ្វុងហៃគូអ៉ិ (Haikui) បានបន្តវាយលុកភាគខាងត្បូងប្រទេសចិនអស់រយៈពេល៧ថ្ងៃមកហើយ ខណៈកំពុងរំកិលសន្សឹមៗចេញពីឆ្នេរសមុទ្រនៃខេត្តក្វាងទុង (Guangdong) ទៅកាន់ខេត្តគ័ងស៉ី (Guangxi) បណ្តាលឱ្យជន់លិចតំបន់ទំនាបនិងផ្លូវធ្វើដំណើររបស់អ្នកស្រុក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃចន្ទថា នៅតំបន់ជនបទបូប៉ាយ (Bobai) ក្នុងខេត្តគ័ងស៉ី ក្រុមជួយសង្គ្រោះបានព្យាយាមជម្លៀសមនុស្សទៅកាន់កន្លែងសុវត្ថិភាព គិតចាប់តាំងពីយប់ថ្ងៃអាទិត្យមក (ម៉ោងក្នុងតំបន់) ខណៈដែលផ្ទះទាបៗរបស់អ្នកស្រុក ត្រូវលិចលង់ក្នុងទឹកជម្រៅជាង ២ម៉ែត្រ។ រីឯនៅតំបន់ភ្នំ បំណាក់ដីបានបំផ្លាញផ្លូវថ្នល់និងស្ពាន។ របាយទឹកភ្លៀងមានកម្រិតជាង ៥១១មិល្លីម៉ែត្រដែលច្រើនជាងមួយភាគបួននៃរបាយទឹកភ្លៀងប្រចាំឆ្នាំសម្រាប់តំបន់នោះ។
ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា ព្យុះទីហ្វុងដែលកំពុងវាយលុកប្រទេសចិនកាន់តែខ្លាំង បានបង្កើនហានិភ័យនៃគ្រោះមហន្តរាយ សូម្បីតែនៅក្នុងទីក្រុងឆ្នេរសមុទ្រដូចជាស៉ិនចិន (Shenzhen) ដែលតែងតែទទួលរងនូវឥទ្ធិពលព្យុះស៊ីក្លូន ហើយដែលមានសមត្ថភាពការពារទឹកជំនន់យ៉ាងរ៉ឹងមាំរួចទៅហើយនោះ។
ព្យុះទីហ្វុង Haikui បានចុះខ្សោយឥទ្ធិពលទៅជាព្យុះត្រូពិក បន្ទាប់ពីបោកបក់ទៅដល់ខេត្តហ្វូជៀនកាលពីថ្ងៃទី៥ ខែកញ្ញា ប៉ុន្តែកម្លាំងខ្យល់បក់ដែលនៅសល់នៃព្យុះ បានបន្តបំផ្លិចបំផ្លាញភាគខាងត្បូងប្រទេសចិន ដោយទីក្រុងស៉ិនចិន ត្រូវជន់លិចដោយភ្លៀងធ្លាក់ខ្លាំងបំផុតចាប់តាំងពីមានកំណត់ត្រាឆ្នាំ១៩៥២។ រីឯ ទីក្រុងហុងកុងដែលនៅជាប់ស៉ិនចិន ក៏ត្រូវទទួលរងនូវព្យុះដ៏អាក្រក់បំផុតមិនធ្លាប់មានផងដែរ ក្នុងរយៈពេល១៤០ឆ្នាំ៕ ដោយធីរីណា
រូបថត: xinhua