សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្ដីពីលទ្ធផលជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោក អ៊ូអិណូ អាត់ស៊ូស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមាន៧មករា

ចែករំលែក៖

ភ្នំពេញ : សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាស្ដីពីលទ្ធផលជំនួបរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង លោក អ៊ូអិណូ អាត់ស៊ូស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃអង្គារ ១២ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ។

នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន ៧មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួប សម្ដែងការគួរសមជាមួយ លោក អ៊ូអិណូ អាត់ស៊ូស៉ី  (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

នៅក្នុងជំនួបនេះ សម្តេចតេជោបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែល បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាពនៅកម្ពុជា ក៏ដូចជាការស្ដារសេដ្ឋកិច្ចសង្គមឡើងវិញ ហើយសមិទ្ធផលនេះបានក្លាយទៅជាផលប្រយោជន៍របស់ប្រជាជននិងប្រទេសកម្ពុជា។

សម្ដេចតេជោ បានកោតសរសើរចំពោះមិត្តភាព ដែលបានកើតមានគ្រប់ជំនាន់នៃនាយករដ្ឋមន្ត្រីជប៉ុន ជាពិសេសចាប់តាំងពីជំនាន់លោកអតីតនាយករដ្ឋមន្ត្រី តាកស៊ីតា ណូបូរ (Takeshita Noboru) រហូតដល់ លោកអតីតនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ (Shinzo Abe) និងលោកនាយករដ្ឋមន្ត្រី ហ្វូមីយូ គីស៊ីដា (Fumio Kishida) ដែលបានជួបសន្ទនាការងារជាមួយគ្នាជាញឹកញាប់។

លោកឯកអគ្គរាជទូត បានពាំនាំនូវសារអបអរសាទរដោយផ្ទាល់ពី លោក ហ្វូមីយូ គីស៊ីដា ជូន សម្តេចតេជោ ចំពោះសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ។ លោក ហ្វូមីយូ គីស៊ីដា ក៏បានប្តេជ្ញាចិត្តនឹងបន្តគាំទ្រកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងចំណងមិត្តភាពកម្ពុជា-ជប៉ុន រយៈពេល ៧០ឆ្នាំ ប្រទេសទាំងពីរបានទទួលនូវផលប្រយោជន៍ទៅវិញ ទៅមកយ៉ាងច្រើន ជាពិសេស់កម្ពុជាទទួលបានការស្ដារហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការលើកកម្ពស់ប្រព័ន្ធ ទូរគមនាគមន៍ពី 4G ទៅ 5G និងការពង្រីកសមត្ថភាពកំពង់ផែសមុទ្រខេត្តព្រះសីហនុ ជាដើម។ លោក ឯកអគ្គរាជទូតក៏បានជម្រាបជូនអំពីផែនការសម្ភោធរោងចក្រតម្លើងរថយន្ត Toyota (CKD) នៅឆ្នាំ២០២៤។

លោកឯកអគ្គរាជទូត បានកោតសរសើរចំពោះតួនាទីដ៏សំខាន់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការរៀបចំការបន្តវេនដោយរលូននៅកម្ពុជា និងការចូលរួមក្នុងបេសសកម្មសន្តិភាពនៅក្នុង តំបន់ និងពិភពលោកតាមទស្សនៈ «មិនយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម» និង «យកកិច្ចសន្ទនាជាមូលដ្ឋានគ្រឹះ នៃសន្តិភាព» ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print