ភ្នំពេញ ៖ សាលា ដំបូងរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានបើកសវនាការជំនុំជម្រះលើបណ្តឹងទាស់របស់ជាប់ចោទម្នាក់ ដែលកើតទុក្ខមិនសុខចិត្តចំពោះសាលក្រមសម្រេចដោយកំបាំងមុខ។
សវនាការបានធ្វើឡើងជាសាធារណៈ ដឹកនាំដោយលោក ស សំណាង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ និងនៅចំពោះមុខជនជាប់ចោទឈ្មោះ ទួន សេរីលក្ខិណា ភេទស្រី អាយុ៥៩ឆ្នាំ ដោយបានប្តឹងទាស់នឹងសាលក្រមកំបាំងមុខ ដែលផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន២ ឆ្នាំពីបទឆបោករឿងរកស៊ីទិញលក់ដី និងផ្ទះខ្យល់ ។ សវនាការបន្ទាប់ពីបញ្ចប់ការសាកសួរដេញដោល ចៅក្រមជំនុំ ជម្រះបានប្រកាសសម្រេចតម្កល់សាលក្រមលើកដំបូងទុកជាបានការដដែល តែកែប្រែសំណងរដ្ឋប្បវេណីតម្រូវឱ្យជនជាប់ចោទសងសំណងជំងឺចិត្តទៅដើមបណ្តឹងចំនួន ២ ២៨៧ ៥០០ដុល្លារ អាមេរិក (ពីរលាន២សែន៨ម៉ឺន៧ពាន់៥រយដុល្លារអាមេរិក) ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក ស សំណាង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការប្រកាសសាលក្រមកំបាំងមុខ ដោយផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ទួន សេរីលក្ខិណា ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅផ្ទះលេខ៤ឈ ផ្លូវរទេះភ្លើង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងផ្ទះលេខ១៨ ផ្លូវលេខ១ បុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់២ឆ្នាំពីបទឆបោក (លក់ដី លក់ផ្ទះខ្យល់) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៥B ផ្លូវលេខ៦០៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២១ ដែលបទល្មើសព្រហ្មទណ្ឌមានចែងតាមបញ្ញតិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ សាលក្រមនោះក៏បានសម្រេចឱ្យជនជាប់ចោទសងប្រាក់ទៅជនរងគ្រោះដើមបណ្តឹងរដ្ឋប្បវេណីដែលមានមេធាវីតំណាងការពារក្តីដោយអាណត្តិចំនួន ៥ ៥៥០ ០០០ដុល្លារ(ប្រាំលានប្រាំសែនប្រាំម៉ឺនដុល្លារអាមេរិក) និងជំងឺចិត្តនិងការខូចខាតចំនួន៥០០.០០០ (ប្រាំសែនដុល្លារអាមេរិក) ទៀត ។ សាលក្រមបានទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយមិនសុខចិត្តចំពោះការកាត់ក្តីនេះ ៕ ដោយ៖ រ៉ារ៉ា