ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ ក្រោយធ្វើការអប់រំ និងរៀនសូត្រលត់ដំខ្លួនឱ្យក្លាយជាក្មេងល្អឡើងវិញ ចំនួនពីរយប់បីថ្ងៃនៅស្នងការដ្ឋាននគរបាលខេត្តកំពត ក្មួយៗទាំងបីនាក់បានសុំទោសឪពុកម្តាយ និងសន្យាចំពោះមុខសមត្ថកិច្ចថាឈប់បង្ហោះម៉ូតូទៀតហើយ។
គួររម្លឹកថា លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កន្លងទៅបានដឹកនាំកិច្ចប្រជុំ អនុវត្តការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបក្មេងទំនើង ដែលបង្កឱ្យប៉ះពាល់ សន្តិសុខសង្គម។
ក្រោយគេមើលឃើញថា សកម្មភាពក្រុមក្មេងទំនើង នៅក្នុងរាជធានីភ្នំពេញ ហាក់បីដូចជាកំរើកឡើងវិញ បន្ទាប់ពីរយៈពេលចុងក្រោយ គេមើលឃើញថា ក្មេងទំនើង បានធ្វើសកម្មភាព អំពើវាយតប់គ្នា និងឈានទៅធ្វើអំពើឆក់ប្លន់ យកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំនេះ លោកអគ្គស្នងការនគរបាលជាតិ បានលើកឡើងពីបញ្ហាប្រឈម នៃការគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងពិភាក្សាដាក់ចេញ វិធានការគ្រប់គ្រង មុខសញ្ញាក្មេងទំនើង នៅក្នុងមូលដ្ឋាន ឱ្យបានជាក់លាក់ និងមានការទទួលខុសត្រូវខ្ពស់ នៅតាមបណ្តាខេត្ត រាជធានី និងអធិការដ្ឋានស្រុក និងនគរបាលខណ្ឌទាំង១៤។
បន្ថែមពីនេះ លោកនាយឧត្តមសេនីយ៍ ស ថេត ក៏បានមានប្រសាសន៍ ជម្រុញឱ្យលោកស្នងការ ស្នងការរង និងអធិការនគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងដាក់បទបញ្ជា ឱ្យមានការទប់ស្កាត់ ក្មេងទំនើងនេះ ឱ្យមានប្រសិទ្ធភាព។ ក្នុងករណីក្មេងទំនើង បង្កជាបទល្មើសព្រហ្មទណ្ឌ ត្រូវយកទៅចាត់ការតាមផ្លូវច្បាប់ ដោយមិនគិតថា ក្មេងទំនើងនោះ ជាកូនអ្នកណានោះឡើយ។
គួរជម្រាបជូនថា កន្លងទៅលោកអគ្គស្នងការនគរបាលជាតិ ក៏បានណែនាំលោកស្នងការរង ទទួលផែនការងារសេនាធិការ និងលោកស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ ត្រូវចុះតាមដានត្រួតពិនិត្យ ពង្រឹងការងារ ស្តីពីការគ្រប់គ្រង មុខសញ្ញាក្មេងទំនើង ឱ្យបានត្រឹមត្រូវ ចៀសវាងការធ្វើរបាយការណ៍ ភូតកុហក ពីមុខសញ្ញាក្មេងទំនើងនេះ៕ដោយ៖សហការី