រដ្ឋបាលរាជធានីភ្នំពេញ ៖សៀវភៅផែនការជាតិប្រឆាំងភេរវកម្មជាយន្តការដ៏សំខាន់សម្រាប់ប្រឆាំងនិងទប់ស្កាត់អំពើភេរវកម្មគ្រប់ប្រភេទនិងមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា៖ សៀវភៅផែនការជាតិប្រឆាំងភេរវកម្មជាយន្តការដ៏សំខាន់សម្រាប់ប្រឆាំងនិងទប់ស្កាត់អំពើភេរវកម្មគ្រប់ប្រភេទយ៉ាងមានប្រសិទ្ធភាពដែលធានាបានការថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម។

      លោក មាន ចាន់យ៉ាដា ថ្លែង ដូច្នេះក្នុងឱកាសតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកសិក្ខាសាលាស្តីពីការបង្រួម ការយល់ដឹងពី សៀវភៅផែនការជាតិប្រឆាំងភេរវកម្ម របស់គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ   

     លោក មាន ចាន់យ៉ាដា អភិបាលរង រាជធានីភ្នំពេញ បានវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានដែលបានចូលរួមទប់ស្កាត់យ៉ាងមានប្រសិទ្ធភាពនូវរាល់សកម្មភាពភេរវកម្មគ្រប់ប្រភេទ ពោលគឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

    លោកបានបញ្ជាក់ថា ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ទាំងក្នុងក្របខណ្ឌ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាចចាត់ទុកបានថា ជាបរិស្ថាន គ្របដណ្ដប់បម្រើឱ្យការអភិវឌ្ឍជាតិមាតុភូមិ ក៏ដូចជារាជធានីភ្នំពេញ ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។

    លោកបានបន្តថា កន្លងមកព្រឹត្តិការណ៍សង្គមដែលបានកើតមាននៅរាជធានីភ្នំពេញ មិនមែនជា រឿងសាមញ្ញទេ គឺសុទ្ធសឹងតែជាបញ្ហាស្មុគស្មាញ ចាក់ស្រេះ និង លាយឡំបង្កប់បញ្ហានយោបាយ ពិតជាមានភាពផុយស្រួយ និងគ្រោះថ្នាក់បំផុតសម្រាប់សង្គមជាតិ ប៉ុន្តែកម្លាំងសមត្ថកិច្ចជំនាញគ្រប់ ផ្នែកបានទប់ស្កាត់ រាល់ឧបាយកលប៉ុនប៉ងបង្កវិទ្ធង្សនាទាំងនោះ បានទាន់ពេលវេលា យ៉ាងមាន ប្រសិទ្ធភាពដែលធានាបានសន្តិសុខ និងសុវត្ថិភាពសង្គម។

     លោកបានចាត់ទុកគំនិតផ្តួចផ្តើមបង្កើតឱ្យមានអង្គសិក្ខាសាលា ដ៏មានសារៈសំខាន់នេះ ក្នុងន័យបង្កើនការយល់ដឹងការលើកកម្ពស់ នីតិវិធីសម្របសម្រួលការងារ និងបង្កើននូវប្រសិទ្ធភាព នៃការចូលរួមដោះស្រាយឧបទ្ទវហេតុភេរវកម្មជាលក្ខណៈចម្រុះស្ថាប័ននៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា ទូទាំងប្រទេសកម្ពុជា ដែលនេះគឺជានិន្នាការសកល និងជាបរិបទថ្មីមួយ ចាំបាច់ត្រូវមានការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

   លោក ឈួន ចាន់ថន អនុប្រធានលេខាធិកនៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានឱ្យដឹងដែរថា សម្រាប់សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ដែលជាឯកសារគោលដ៏សំខាន់បម្រើដល់ការងារសន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់សាធារណៈ ដោយផ្ដោតលើបទដ្ឋានគតិយុត្តពាក់ព័ន្ធដូចជា ច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម, ច្បាប់ស្តីពីការប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្តជាធរមានសំដៅពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ទាំងផ្នែករដ្ឋបាលស៊ីវិល និងទាំងផ្នែកកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កាន់តែយល់ច្បាស់ពីគោលការណ៍ដឹកនាំបញ្ជា នីតិវិធី និងវិធានការដោះស្រាយឧបទ្ទវហេតុភេរវកម្មជាលក្ខណៈចម្រុះស្ថាប័ន ក្នុងដែនសមត្ថកិច្ច ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។

    សូមបញ្ជាក់ថាសមាជិកទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានេះ គឺសុទ្ធសឹងតែជាអ្នកមានចំណេះដឹង និងបទពិសោធន៍ខ្ពស់លើការងារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ រួមទាំងការងារប្រយុទ្ធ ប្រឆាំងភេរវកម្មហើយបានចូលរួមពិភាក្សាវែកញែក ស្វែងរកដំណោះស្រាយ និងឆ្លើយបញ្ជាក់យ៉ាង ផុលផុសក្នុងការប្រយុទ្ធប្រឆាំងអំពើ ភេរវកម្មយ៉ាងមាន ប្រសិទ្ធភាព៕ . សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print