រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចេញសេចក្តីជូនដំណឹង ស្តីពី ការបើកផ្តល់ប្រាក់បៀវត្យជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ : – យោងអនុក្រឹត្យលេខ៧១អនក្រ.បក ចុះថ្ងៃ៣១ ខែមីនា ឆ្នាំ២០២៣ ស្ដីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុង ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧។

ក្រសួងមុខងារសាធារណៈមានកិត្តិយស សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រីអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ លោក លោកស្រីប្រធានមន្ទីរ និងអង្គភាព ពាក់ព័ន្ធមេត្តាជ្រាបថា គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវរៀបចំបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុង ឱកាសបុណ្យភ្ជុំបិណ្ឌដំណាលគ្នាជាមួយនឹងការបើកផ្ដល់ប្រាក់បៀវត្សប្រចាំខែតុលាតែមួយលើកឱ្យបានដល់ សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ និងត្រូវរៀបចំការបើកផ្ដល់ប្រាក់បៀវត្សលើក ទី១សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យបានមុនដំណាច់ខែតុលា និងលើកទី២ឱ្យបានក្នុងសប្ដាហ៍ទី៣ នៃខែវិច្ឆិកា ឆ្នាំ២០២៣ ជូនមន្ត្រីរាជការស៊ីវិលរបស់ខ្លួន។ ដោយឡែកសម្រាប់ការបើកផ្ដល់បៀវត្សសម្រាប់ខែធ្នូ ឆ្នាំ២០២៣ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។

ក្រសួងមុខងារសាធារណៈសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ លោក លោកស្រីប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការ អនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពតាមការគួរ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print