កូរ៉េខាងត្បូងត្រៀមធ្វើព្យុហយាត្រាយោធាជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍

ចែករំលែក៖

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅ ថ្ងៃទី ១៤ ខែកញ្ញាថា ប្រទេសនេះនឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំជាលើកដំបូងក្នុងរយៈពេល 10 ឆ្នាំ។

សារព័ត៌មាន Korea Herald (កូរ៉េខាងត្បូង) បាននិយាយថា សព្វាវុធយុទ្ធសាស្ត្រជាច្រើនរបស់ប្រទេសនឹងបង្ហាញខ្លួននៅក្នុងក្បួនដង្ហែយោធានៅចុងខែកញ្ញា ដែលជាផ្នែកនៃព្រឹត្តិការណ៍ទិវាកងកម្លាំងប្រដាប់អាវុធ។
ទិវាបង្កើតកងកម្លាំងប្រដាប់អាវុធលើកទី៧៥ ត្រូវនឹងថ្ងៃទី១ ខែតុលា។ នៅឆ្នាំនេះ ពិធីផ្លូវការរបស់រដ្ឋាភិបាលនឹងប្រារព្ធឡើងនៅថ្ងៃទី 26 ខែកញ្ញា នៅមុនថ្ងៃបុណ្យ Chuseok រយៈពេលប្រាំមួយថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃទី 28 ខែកញ្ញា។
ពិធីនេះគ្រោងនឹងចាប់ផ្តើមនៅឯមូលដ្ឋានទ័ពអាកាសទីក្រុងសេអ៊ូល ស្ថិតនៅតំបន់ Seongnam ខេត្ត Gyeonggi ដើម្បីបង្ហាញសព្វាវុធថ្មីដែលផលិតដោយប្រទេសកូរ៉េ រួមមានយន្តហោះចម្បាំង KF-21 ឧទ្ធម្ភាគចក្រធុនស្រាល និងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់ពីដីទៅអាកាស។
បន្ទាប់មកទៀត ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅទីលាន Gwanghwamun កណ្តាលទីក្រុងសេអ៊ូល ជាមួយនឹងក្បួនដង្ហែយោធាទ្រង់ទ្រាយធំនៅពេលរសៀល។ ក្នុងអំឡុងពេលព្យុហយាត្រា កងយន្តហោះ Black Eagle របស់កងទ័ពអាកាសកូរ៉េខាងត្បូង និងឧទ្ធម្ភាគចក្រវាយប្រហារ Apache នឹងបង្ហាញនៅលើមេឃ។
កូរ៉េខាងត្បូងធ្លាប់ធ្វើព្យុហយាត្រាយោធារៀងរាល់ ៥ ឆ្នាំម្តង ដើម្បីអបអរទិវាកងកម្លាំងប្រដាប់អាវុធ និងបង្ហាញពីកម្លាំងអាវុធរបស់ខ្លួន។ ប៉ុន្តែការដង្ហែក្បួនយោធាថ្មីបំផុតត្រូវបានធ្វើឡើងនៅចុងឆ្នាំ ២០១៣ ក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតី Park Geun-hye។ ព្រឹត្តិការណ៍នេះមិនបានកើតឡើងក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតី Moon Jae-in ។ មន្ត្រីម្នាក់បាននិយាយថា ព្រឹត្តិការណ៍នៅឆ្នាំនេះនឹងប្រព្រឹត្តទៅដោយប្រធានបទ “កងទ័ពខ្លាំង សន្តិសុខរឹងមាំ និងសន្តិភាពតាមរយៈកម្លាំង” ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់យោធាកូរ៉េក្នុងការការពារប្រទេស៕ ដោយធីរីណា

...

រូប​ថត​:TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print