បុរសម្នាក់ចេញពីស្រុកមកលេងម្តាយនៅភ្នំពេញ​និងផ្ទះបងប្អូន​ តែអកុសលត្រូវរថយន្តសាំយ៉ុងបុកបណ្តាលឲ្យស្លាប់យ៉ាងរន្ធត់

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តសាំយ៉ុងមួយគ្រឿងបើកលឿនជ្រុលទៅបុកចំពីមុខម៉ូតូម៉ាកប៊ីតពេញទំហឹង​ បណ្ដាលឱ្យបុរសម្នាក់ដួលបោកនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែង​កើតហេតុ កាលពីវេលាម៉ោង៧​និង៣០នាទីយប់ថ្ងៃទី១៦​ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

​    សមត្ថកិច្ចបានឱ្យដឹងថា​ សពជនរងគ្រោះមានឈ្មោះ ផៃ ឡាភីន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិប្រធាតុ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
​    តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់(ជនរងគ្រោះ)ជិះម៉ូតូម៉ាកហុងដាប៊ីត​ ពណ៌ក្រហមលាយស​មួយគ្រឿង​ ពាក់ផ្លាកលេខ កំពង់ចាម 1AD-8939 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ពីលិចទៅកើតក្នុងល្បឿនលឿនល្មម​ ខណៈមកដល់ចំណុចកើតហេតុក៏បានសុីញ៉ូបត់ឆ្វេងឆ្លងមកផ្លូវម្ខាងទៀត ស្របពេលនោះមានរថយន្តសាំយ៉ុងមួយគ្រឿង​ ពណ៌សមិនចាំផ្លាកលេខ​បើកបរតាមបណ្តោយផ្លូវជាតិលេខ៤​ក្នុងទិសដៅបញ្រ្ចាសគ្នាពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន​រួចក៏បុកចំពីមុខម៉ូតូយ៉ាងពេញទំហឹង​ បណ្តាលឱ្យបុរសរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែង​កើតហេតុ។ ចំណែករថយន្តបង្កបានបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល។
​   ក្រោយកេីតហេតុភ្លាមៗ​ សាច់ញាតិជនរងគ្រោះក៏បានចុះមកដល់​ និងបានរៀបរាប់ទាំងទឹកភ្នែកថា​ ជនរងគ្រោះទេីបមកពីស្រុកដេីម្បីមកលេងម្ដាយ​ និងបងប្អូននៅភ្នំពេញ​ តែបែរជាអកុសលជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់បែបនេះ។
​   បន្ទាប់មក ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមូលដ្ឋានឱ្យចុះមកពិនិត្យ​ ដោយសហការជាមួយមន្ត្រីជំនាញផ្នែកចរាចរណ៍​ និងធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល​ជាបណ្ដោះអាសន្ន​ ។ ចំណែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ។ ចំពោះរថយន្តបង្កវិញ​ សមត្ថកិច្ចនឹងរង់ចាំទទួលពាក្យបណ្តឹងពីសាច់ញាតិ​ដើម្បីធ្វេីការស្រាវជ្រាវយកមកចាត់ការតាមច្បាប់៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print