ភ្នំពេញ : លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួង យុត្តិធម៌ នៅព្រលប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងថា : ខ្ញុំសូមបញ្ជាក់ជូនថាក្រសួងយុត្តិធម៌សម្រេចចិត្តផ្អាកចំណាត់ការទៅតុលាការពាក់ព័ន្ធករណីលោក ព្រំ សាន្ត មួយរយៈពេលសិន ។
លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួង យុត្តិធម៌សូមជម្រាបជូនសាធារណជនជ្រាបថា៖ ដោយទទួលបានគោលការណ៍ដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខ្ញុំសូមបញ្ជាក់ជូនថាក្រសួងយុត្តិធម៌សម្រេចចិត្តផ្អាកចំណាត់ការទៅតុលាការពាក់ព័ន្ធករណីលោក ព្រំ សាន្ត មួយរយៈពេលសិន។
ក្រសួងយុត្តិធម៌នឹងបន្តតាមដានរាល់ព័ត៌មានទាំងឡាយណាដែលមានចរិតជាការបរិហារកេរ្តិ៍លើស្ថាប័នរបស់រដ្ឋបែបនេះ!
សូមបញ្ជាក់ថា, កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងយុត្តិធម៌ បានចេញ សេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា : ក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ ថ្មីៗនេះ មានបណ្តាញ សង្គមហ្វេសប៊ុកមួយឈ្មោះ San Prum បានផ្សព្វផ្សាយនូវព័ត៌មានមួយដែលមានខ្លឹមសារថា៖ « មានបញ្ញ ហើយក្រសួងយុត្តិធម៌ ? ឃឹម ភារុន ក្រោយពីចេញពីគុក បានប្រឡងជាប់ក្របខ័ណ្ឌប៉ូលីស តើព្រឹត្តិបត្រ ថ្កោលទោសចេញពីក្រសួងយុត្តិធម៌ បញ្ជាក់ (Certifier) ដូចម្តេច? មិនធ្លាប់មានទោសឬ? រឿងជាន់រឿងហើយ! មិនក្រោមពាន់ដុល្លារទេ!!! ហាសៗៗ។ »។ តាមដឹងហាងឆេងបញ្ជាក់បែបនេះ(មិនដែលមានទោស)
ក្រោយពីទទួលបានព័ត៌មាននេះ ក្រសួងយុត្តិធម៌បានធ្វើការស្រាវជ្រាវជាបន្ទាន់នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។ យោងតាមការស្រាវជ្រាវ និងកំណត់ត្រាក្នុងបញ្ជីថ្កោលទោសនៃអគ្គនាយកដ្ឋាន កិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ឈ្មោះ យឹម ភារុន ពុំបានមកស្នើសុំព្រឹត្តិបត្រថ្កោលទោសពី ក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌ ក៏ពុំបានផ្តល់ព្រឹត្តិបត្រថ្កោលទោសនេះដល់សាមីជនឡើយ។
តាមរយៈលទ្ធផលស្រាវជ្រាវខាងលើ បង្ហាញឱ្យឃើញថា ការផ្សព្វផ្សាយព័ត៌មានក្នុងបណ្តាញ សង្គមហ្វេសប៊ុកមួយឈ្មោះ San Prum ជាការផ្សាយព័ត៌មានមិនពិតដែលមានចរិតជាការ បរិហារកេរ្ដិ៍ ចំពោះក្រសួងយុត្តិធម៌។
ហេតុដូចនេះ ក្រសួងយុត្តិធម៌នឹងចាត់វិធានការផ្លូវច្បាប់លើករណីនេះ ចំពោះការផ្សាយព័ត៌មានមិនពិត ដែលមានចរិតជាការបរិហារកេរ្ដិ៍លើស្ថាប័នរបស់រដ្ឋ ៕
ដោយ : សុខ ខេមរា