លោក វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីកែលម្អ និងតម្រង់ទិសកិច្ចការផ្ទៃក្នុងទីស្ដីការគណៈរដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ដើម្បីស្វែងយល់ការលំបាក និងបញ្ហាប្រឈម​ផ្សេងៗ ដើម្បីស្វែងរកនូវដំណោះស្រាយសមស្រប និងធ្វើការកែលំអរចំណុចទាំងនោះ ដើម្បីលើកកម្ពស់ គុណភាព, ប្រសិទ្ធភាព និងសមិទ្ធកម្ម​ការងារ​របស់​ទីស្តីការគណរដ្ឋមន្ត្រី​​ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ឱ្យស័ក្កិសមជាមួយសេនាធិការដ៏សំខាន់មួយ របស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់​ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្តីរាជការ ចាប់ពីថ្នាក់អនុប្រធាននាយក​ដ្ឋាន​​​ឡើង ​ រួមទាំងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត។

នាឱកាសនោះ លោក វង្សី វិស្សុត បានដាក់ចេញនូវគោលការណណែនាំមួយចំនួន ជូន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្ត្រី យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ពាក់ព័ន្ធនឹង កិច្ចប្រជុំ​ពេញ​អង្គគណៈរដ្ឋមន្រ្តី ចាប់តាំងពីដំណាក់កាលនៃការរៀបចំ រហូតដល់ការតាមដានការអនុវត្ត​ការសម្រេច​របស់​គណៈរដ្ឋមន្រ្តី, ការរៀបចំកណត់បង្ហាញលើសំណើ និង​របាយការណ៍នានាគោរពជូន សម្តេចធិបតី​នាយករដ្ឋមន្រ្តី ពិនិត្យ និងសម្រេច ឱ្យបានលឿនទាន់ពេល, ត្រឹមត្រូវ, ច្បាស់លាស់, គ្រប់ជ្រុងជ្រោយ, គុណភាព និងប្រសិទ្ធភាព ព្រមទាំងត្រូវមានត្រូវមានវាយតម្លៃ, ការផ្តល់មតិយោបល់ និងជូនជា​ជម្រើស ​ទាំងក្នុងក្របខណ្ឌ​នយោបាយ, ច្បាប់ និងក្របខណ្ឌបច្ចេកទេសផ្សេងៗ។ 

ពាក់ព័ន្ធនឹងកត្តាពេលវេលានេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានសង្កត់ធ្ងន់ថា ជួនកាលយើងធ្វើកិច្ចការបានល្អហើយ ក៏ប៉ុន្តែបើយឺតពេល វាអាចធ្វើឲ្យបាត់បង់នូវតម្លៃ​ និងលទ្ធផលការងារនោះវិញ។ លោកក៏បានផ្តល់ការណែនាំផងដែរ ពាក់ព័ន្ធនឹងការងាររាជកិច្ច និងតម្កល់ឯកសារ ជាតិ ដែលជាកិច្ចការអាទិភាពមួយ ព្រោះឯកសារជាតិសំខាន់ៗមួយចំនួន មានតម្លៃមហាសាលមិនអាច កាត់ថ្លៃបាន ដែលចាំបាច់ថែរក្សាឱ្យគត់ម៉ត់។ 

ជាមួយនេះ លោកបានផ្តល់ការណែនាំមួយចំនួនពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធនិងលំហូរការងារ ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើ​បរិវត្តកម្ម​​​ឌីជីថល ព្រមទាំងការរៀបចំ​បំពេញរចនាសម្ព័ន្ធមួយចំនួន ហើយ​អគ្គនាយកដ្ឋាន​​នីមួយៗ​ត្រូវ​រៀបចំ​​​​​​ផែនការ​​​​​​អភិវឌ្ឍស្ថាប័នរបស់ខ្លួន ដើម្បី​​​​​​ជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាបីឆ្នាំរំកិល​​របស់​​ទីស្តីការគណៈរដ្ឋមន្រ្តី និង​ផែនការ​​យុទ្ធសាស្រ្ត ៥ ឆ្នាំ ដោយរួមបញ្ជូលទាំងផែនការអភិវឌ្ឍ​ធនធាន​មនុស្ស​​​​របស់ទីស្តីការ​គណៈរដ្ឋមន្រ្តី​។ 

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើក​ទឹកចិត្ត​ដល់​​​​​ថ្នាក់​ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់​ថ្នាក់​នៃ​ទីស្តីការគណៈរដ្ឋមន្រ្តី បន្តបង្កើនសមត្ថភាពការងារ តាមរយៈ​​​​​​​ការ​បើក​វគ្គបំប៉ន់ផ្ទៃក្នុង និងតាមរយៈ​ចូលរួមវគ្គបណ្តុះបណ្តាលខ្លី ទាំងក្នុង និងក្រៅប្រទេស ព្រមទាំង​សិក្ខា​​សាលា និងកិច្ចប្រជុំនានា។  ឯកឧត្តម ក៏បានលើកឡើងផងដែរថាពាក់ព័ន្ធនឹងការផ្តល់ការលើកទឹកចិត្តមន្រ្តីរាជការ ដែលកិច្ចការនេះ ត្រូវផ្សារភ្ជាប់ទៅនឹងសមត្ថភាព និងសមិទ្ធផលការងារ ប៉ុន្តែក៏មានការគិតគូរផងដែរ​អំពី​គោលការណ៍សមធម៌ និងបរិយាប័ន្ន ដើម្បីអាចទៅមុខបាន ហើយរស់ទាំងអស់គ្នា៕

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print