ប្រជាជនជប៉ុនមានវ័យចាស់កើនឡើងគួរឱ្យបារម្ភ ក្នុងចំណោម 10 នាក់មានអាយុលើសពី 80 ឆ្នាំម្នាក់

ចែករំលែក៖

មនុស្សដែលមានអាយុលើសពី 80 ឆ្នាំមានចំនួនច្រើនជាង 10% នៃចំនួនប្រជាជនសរុប។ នេះបើយោងតាមរបាយការណ៍ដែលរដ្ឋាភិបាលជប៉ុនបានចេញផ្សាយនៅក្នុង “ការគោរពទិវាមនុស្សចាស់” ប្រចាំឆ្នាំ។

អត្រាកំណើតពលរដ្ឋទាប និងអាយុសង្ឃឹមរស់បានយូរបានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានមនុស្សវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក បើគិតពីសមាមាត្រនៃមនុស្សដែលមានអាយុលើសពី 65 ឆ្នាំឡើងដល់ 29.1% នៅឆ្នាំនេះ។
ការកើនឡើងនៃការចំណាយសន្តិសុខសង្គមបានបន្ថែមទៅលើបំណុលដ៏ធំរបស់ប្រទេសជប៉ុន ហើយការខ្វះខាតកម្មករវ័យក្មេងបានធ្វើឱ្យឧស្សាហកម្មជាច្រើនខ្វះកម្មករ ជាពិសេសវិស័យថែទាំមនុស្សចាស់។
កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុនក្នុងការបង្កើនអត្រាកំណើតមិនបានជោគជ័យទេ ខណៈពេលដែលរដ្ឋាភិបាលទីក្រុងតូក្យូនៅតែស្ទាក់ស្ទើរក្នុងការទទួលយកពលករអន្តោប្រវេសន៍មួយចំនួនធំដើម្បីបំពេញការខ្វះខាត។ កាលពីឆ្នាំមុន ចំនួនទារកដែលកើតនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះក្រោម 800.000នាក់ ជាលើកដំបូងចាប់តាំងពីទិន្នន័យបែបនេះបានចាប់ផ្តើមត្រូវបានកត់ត្រានៅក្នុងសតវត្សទី 19 ។
ភាពចាស់នៃចំនួនប្រជាជននិងការធ្លាក់ចុះក៏កំពុងរីករាលដាលពាសពេញតំបន់ផ្សេងទៀតនៃអាស៊ីផងដែរ ដោយប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងក្លាយជាប្រទេសដែលមានចំនួនប្រជាជនចំណាស់ច្រើនជាងគេបំផុតរបស់ពិភពលោកក្នុងប៉ុន្មានទសវត្សរ៍ខាងមុខនេះ។ ចំនួនប្រជាជនរបស់ប្រទេសចិនក៏នឹងចាប់ផ្តើមធ្លាក់ចុះចាប់ពីឆ្នាំ 2022 ដែលជាលើកដំបូងក្នុងរយៈពេល 60 ឆ្នាំ។
យោងតាមរបាយការណ៍ថ្មី ចំនួនប្រជាជនសរុបរបស់ប្រទេសជប៉ុនបានថយចុះប្រហែលកន្លះលាននាក់មកត្រឹម ១២៤,៤លាននាក់។ គេរំពឹងថា ចំនួននេះនឹងថយចុះមកនៅក្រោម 109 លាននាក់នៅឆ្នាំ 2045៕ ដោយធីរីណា

...

រូប​ថត​:Jakarta post

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print