ខេត្តតាកែវ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលអាណត្តិ៧ គឺបន្តអនុវត្តនូវបេសកកម្មក្នុងការបម្រើប្រជាជនដោយសម្រួចបន្ថែមលើគោលនយោបាយដែលមានស្រាប់ ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាជន និងការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយសុខសន្ដិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនសន្យាជាមួយប្រជាជនថា ធ្វើបែបនេះឬបែបនោះសម្រាប់ប្រជាជននោះទេ។ ប៉ុន្ដែគណបក្សប្រជាជនកម្ពុជាបានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋ ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងនៅជាមួយប្រជាពលរដ្ឋជានិច្ច។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា គណបក្សប្រជាជន អាចបម្រើប្រជាពលរដ្ឋបាន ក៏ដោយសារការផ្តល់ឱកាសពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តួយ៉ាងអត្រាប្រជាជននៅខេត្តតាកែវ ចេញទៅបោះឆ្នោត មានអត្រាខ្ពស់ជាងគេ គឺ៩០,១៤% ហើយអត្រាបោះឆ្នោតជូនគណបក្សប្រជាជនគឺ៨៦,៦% ហើយនៅស្រុកបាទីនេះ អត្រាចេញទៅបោះឆ្នោតមានចំនួន៩៣,៣៩% ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានចំនួន៨៨,៩៥%។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រសួងការងារត្រូវសន្យាជាមួយរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចសម្រេចឱ្យបាន ចំពោះកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤ ខណៈក្រសួងបានឯកភាពគ្នារួចហើយកំណត់កិច្ចពិភាក្សាចុងក្រោយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ តាមរយៈការបោះឆ្នោតសម្រេចលើតួរលេខរួមមួយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តរួចហើយ ក្នុងការបន្តផ្ដល់អត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀត ដល់បងប្អូនកម្មករនិយោជិត ជាពិសេសប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ គឺត្រូវតែមានការដំឡើង ៕
ដោយ : សិលា