ខេត្តតាកែវ៖ សម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឲ្យពិនិត្យមើលលើលទ្ធភាពក្នុងការបញ្ចុះថ្លៃអគ្គិសនីកម្រិតណាមួយទៅដល់សហគ្រាសឧស្សាហកម្មកសិកម្ម។
ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅស្រុកបាទី ខេត្តតាកែវ ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាការគិតគូរបែបនេះនឹងធ្វើឲ្យសហគ្រាសបង្កើនផលិតកម្មរបស់ខ្លួននិងអាចជ្រើសរើសកម្មករបន្ថែមថែមទៀត។
សម្ដេចមហាបវរធិបតីថ្លែងថា៖ «ព្រោះគាត់ត្រូវការប្រើច្រើនដែរដូច្នេះត្រូវពិនិត្យមើលលទ្ធភាពឱ្យគាត់អាចពង្រីកថែមទៀត»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ណែនាំដល់អគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធពិនិត្យក្នុងការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី ក្នុងនោះមានសហគ្រាស កសិកម្ម និងឧស្សាហកម្មប្រមាណ២១០០០ សហគ្រាសដែលអាចទទួលបានផលពីការគិតគូរ។
រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ បានបញ្ជាក់ជូនសម្ដេចអធិបតីភ្លាមៗថា មានសហគ្រាសជាង ២ ១០០សហគ្រាសដែលទទួលបានប្រយោជន៍ពីការគិតគូរមួយនេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់បណ្ដារាជធានី-ខេត្ត ត្រូវធ្វើយ៉ាងណាប្រកួតគ្នាស្វែងរកវិនិយោគិនមកខេត្តរបស់ខ្លួន (ទាក់ម៉ូយ) ស្របទៅតាមសក្តានុពលរបស់ខេត្តដែលមានស្រាប់ ខណៈរាជរដ្ឋាភិបាលបានធ្វើវិមជ្ឈការប្រគល់អំណាចទៅដល់ថ្នាក់ក្រោមជាតិរួចអស់ហើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រដ្ឋាភិបាលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ទោះបីថ្នាក់ដឹកនាំរូបណាក៏ដោយ ក៏ប្រកាន់ជំហរគិតគូរផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋជាសំខាន់ដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្រសួងការងារត្រូវសន្យាជាមួយរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចសម្រេចឱ្យបាន ចំពោះកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤ ខណៈក្រសួងបានឯកភាពគ្នារួចហើយកំណត់កិច្ចពិភាក្សាចុងក្រោយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ តាមរយៈការបោះឆ្នោតសម្រេចលើតួរលេខរួមមួយ៕
ដោយ : សិលា