សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មាន១៨១ប្រទេសប្រកាន់ជំហរចិនមួយ រួមទាំងសហរដ្ឋអាមេរិកផងដែរ

ចែករំលែក៖

ខេត្តតាកែវ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាប្រកាន់គោលនយោបាយចិនមួយ មិនខុសទេ ពីព្រោះ ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិ១៩៣ប្រទេស ក្នុងនោះមាន១៨១ប្រទេស គឺប្រកាន់ជំហរចិនមួយ រួមទាំងសហរដ្ឋអាមេរិកផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ។

ពាក់ព័ន្ធនឹងពាណិជ្ជកម្មវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើង ត្រូវបង្កើនមិត្តឱ្យបានច្រើន យើងជាប្រទេសតូចមួយ ឱ្យតែមានមិត្តយើងយកឱ្យច្រើនទៅ ហើយទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសតូច ប្រទេសធំ យើងត្រូវតែធ្វើ ដើម្បីផលប្រយោជន៍ទាំងទ្វេពិសេសគឺទាញយកផលប្រយោជន៍មកឱ្យជាតិយើងឱ្យបានច្រើន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអភិបាលខេត្តប្រកួតប្រជែងទាក់ម៉ូយដើម្បី មកអភិវឌ្ឍនៅខេត្តរបស់ខ្លួនតាមរយៈការអនុគ្រោះលើផ្នែកអ្វីមួយរបស់រាជរដ្ឋាភិបាល។

«ខេត្តនីមួយៗ គួរតែប្រកួតប្រជែងគ្នាទាក់ម៉ូយ ខេត្តមួយៗគួរតែចេញគោលការណ៍ទាក់ម៉ូយ គោលការណ៍អនុគ្រោះកម្រិតណា យើងគួរតែជជែកគ្នាក្នុងក្របខណ្ឌ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យខេត្តដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ អាចផ្តលល់អនុគ្រោះអ្វីមួយដើម្បីឱ្យវិស័យទេសចរណ៍ក្នុងខេត្តរបស់ខ្លួនកាន់តែប្រសើរឡើង។

សម្តេចធិបតី ថ្លែងថា៖ «យើងអាចគិតគ្នាមើលតិចមើល នៅប្រទេសខ្លះប្រកួតគ្នាទាក់ម៉ូយ អេ! រាជរដ្ឋាភិបាលដើរទាក់ម៉ូយម្នាក់ឯងហត់ណាស់ បើទាក់មកបាន បើខេត្តមួយៗ អត់ទាក់ម៉ូយថែមទៀត ម៉េចជាប់។ ព្រោះខ្ញុំបានទៅទាក់ម៉ូយ ហៅគេមកមើល មកដល់នេះយើងត្រូវបង្ហាញគេថានៅបានអត់ ថាបើនៅអាចហៅគេមកថែមទៀតអត់ ឬនៅពង្រីកខ្លួនបានអត់?»។

ដើម្បីទាក់ទាញអ្នកវិនិយោគ នាយករដ្ឋមន្ត្រីបានណែនាំឱ្យតាមវិស័យពាក់ព័ន្ធនានា ត្រូវរៀបចំឱ្យមានកម្លាំងពលកម្មឱ្យកាន់តែទំនើប និងមានជំនាញផ្នែកបច្ចេកវិទ្យាទំនើបដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់ក្រុមអ្នកនិយោគផ្សេងៗ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print