សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការលើកឡើងនូវប្រធានបទច្រើនក្នុងពេលជួបកម្មករ ដែលមានការផ្សាយផ្ទាល់ គឺមិនមែនបញ្ជូនសារទៅតែកម្មករចំនួនប្រមាណ២ម៉ឺននាក់នោះទេ តែគឺជាការបញ្ជូនសារទៅ ប្រជាពលរដ្ឋទូទាំងប្រទេសចំនួន១៧លាននាក់ ដូច្នេះនេះគឺជាកាតព្វកិច្ច និងសិទ្ធិ ៖
ទី១) គឺជាកាតព្វកិច្ចរបស់មេដឹកនាំដែលត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ជូនដំណឹងទៅដល់ប្រជាពលរដ្ឋជាប់ជាប្រចាំ នូវរាល់នូវអ្វីៗដែលខ្លួនបាន និងកំពុងធ្វើ
ទី២) គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរក្នុងការទទួលបានព័ត៌មានផ្ទាល់ពីមេដឹកនាំរបស់ខ្លួនដែលបានធ្វើការងារជូនប្រជាពលរដ្ឋ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត ប្រមាណជិត ២ម៉ឺននាក់ ក្នុងស្រុកបាទី ខេត្តតាកែវ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការផ្សព្វផ្សាយវប្បធម៌អរិយធម៌កម្ពុជាទៅកាន់បរទេស ។
សូមបញ្ជាក់ថា , នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយបង្ហាញពីមោទនភាពចំពោះសម្បត្តិវប្បធម៌របស់កម្ពុជា និងប្រជាជន ដោយថាគួរផ្សព្វផ្សាយនៅសម្បត្តិវប្បធម៌អរិយធម៌ទាំងនេះទៅកាន់បរទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មិនគួរនាំយកវប្បធម៌បរទេស ឬចម្លងវប្បធម៌ពីបរទេសមកដាក់នៅក្នុងប្រទេសកម្ពុជានោះទេ តែអ្វីដែលសំខាន់នោះគឺត្រូវជំរុញនូវវប្បធម៌របស់យើងទៅកាន់បរទេសវិញ។
សម្ដេចបានបន្ថែមទៀតថា វប្បធម៌របស់កម្ពុជាបានទទួលបានការចាប់អារម្មណ៍ពីបរទេសជាច្រើន។ ការរស់នៅរបស់ពលរដ្ឋខ្មែរ និងសីលធម៌របស់ពលរដ្ឋខ្មែរទទួលបានការចាប់អារម្មណ៍ពីប្រទេសជាមិត្តផងដែរ នៅក្នុងនោះសម្ដេចបានលើកឡើងអំពីប្រធានាធិបតីកូរ៉េ បានកត់សម្គាល់ពីពលករខ្មែរដែលបានធ្វើការនៅទីនោះ៕
ដោយ : សិលា