ភ្នំពេញ : នៅរសៀលថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានអញ្ជើញដឹកនាំសម័យប្រជុំទី១០ ស្តីពីការពិនិត្យសេចក្តីព្រាង ឈានទៅអនុម័តសេចក្តីថ្លែងការណ៍ រាជធានីភ្នំពេញ ដែលបូកសរុបលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។
ក្នុងឱកាសនោះ អង្គប្រជុំបានពិនិត្យរួមគ្នាលើសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ដែលបានតាក់តែងឡើងដោយ គណៈកម្មការចម្រុះ មានគ្នាចំនួន ៥នាក់ គឺ កាកបាទក្រហមកម្ពុជា តំណាងដោយឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២, លោកអគ្គលេខាធិការ អឌ្ឍចន្ទក្រហម ព្រុយណេ, តំណាងកាកបាទក្រហម ឥណ្ឌូណេស៊ី, និងតំណាងសហព័ន្ធអន្តរជាតិ ២នាក់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិច្ចប្រជុំ បានថ្លែងអំណរគុណចំពោះគណៈកម្មការ ដែលបានខិតខំតាក់តែងជាសេចក្តីព្រាងសេចក្តីថ្លែងការរាជធានីភ្នំពេញ ដែលគ្របដណ្តប់គ្រប់កិច្ចការដែលកិច្ចប្រជុំបានត្រិះរិះពិចារណា និងពិភាក្សាជាមួយគ្នាយ៉ាងយកចិត្តទុកដាក់ និងបានកំណត់ការផ្តល់អំណាចដល់យុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងការស្វែងរកដំណោះស្រាយថ្មីក្នុងការងារមនុស្សធម៌។
បន្ទាប់ពីមានមតិយោបល់ និងឯកភាពលើសេចក្តីថ្លែងការណ៍រាជធានីភ្នំពេញ ឆ្នាំ២០២៣ ប្រធានប្រតិភូនៃសមាគមជាតិទាំង ១១ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ បានឡើងចុះហត្ថលេខា និងថតរូបអនុស្សាវរីយ៍នៅលេីវេទិកាផងដែរ៕
ដោយ : សហការី