របួសធ្ងន់លោកមេប៉ុស្តិ៍ឃុំអង្គរបូរីស្លាប់ នារីម្នាក់ ខណៈដឹកចេញពីផ្ទះសំណាក់​ ជ្រុលទៅបុកគោយន្ដពីក្រោយ​

ចែករំលែក៖

ខេត្តតាកែវ៖​ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈលោកមេប៉ុស្តិ៍រដ្ឋបាលឃុំអង្គរបូរី ក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ក្នុងហេតុការណ៍ជិះម៉ូតូបុកគោយន្តពីក្រោយ។

ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២១និង៣៤នាទី លើផ្លូវខេត្តលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ចំណុចភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស រវាងម៉ូតូ និងគោយន្ត។
ម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ផ្លាកលេខ នគរបាល ១. ៩៨៦៦ បើកបរដោយឈ្មោះ សន ចន្រ្ទា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បង្អែកស្រុកព្រៃកប្បាស។ ចំណែកអ្នករួមដំណើរឈ្មោះ មៀច ចន្ថា ភេទប្រុស អាយុ៥១ឆ្នាំ ជាមេប៉ុស្តិ៍ឃុំអង្គរបូរី រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី រងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។

ប្រភពពីកន្លែងកើតហេតុបានបង្ហើបថា លោកមេប៉ុស្តិ៍ និងស្ត្រីដែលស្លាប់ទើបតែឌុបគ្នាចេញពីផ្ទះសំណាក់ ដោយឲ្យស្ត្រីជាអ្នកបើកបរម៉ូតូឌុបលោកមេប៉ុស្តិ៍ ពីទិសខាងលិចទៅកើត។ លុះមកដល់កន្លែងកើតហេតុបានបុកជាមួយគោយន្តពីក្រោយដែលកំពុងបើកបរស្របទិសគ្នាយ៉ាងពេញទំហ៊ឹង។
ដោយឡែកសមត្ថកិច្ចស្រុកព្រៃកប្បាស បានឲ្យដឹងដែរថា គោយន្តមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយពេលកើតហេតុបានបើកគោយន្តរត់គេចបាត់។
សមត្ថកិច្ចបានបញ្ជាក់ដែរថា មូលហេតុ គឺអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន។

...

បច្ចុប្បន្ន កម្លាំងជំនាញស្រុកព្រៃកប្បាសបាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធីនិង វត្ថុតាងម៉ូតូបានដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រីឯគោយន្តកម្លាំងជំនាញកំពុងស្រាវជ្រាវតាមរកបន្ត៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print