លោក ខៀវ កាញារីទ្ធ ៖ សូមបន្តរឿង «មួយចានទឹកមួយចានគោក» ទី ២

ចែករំលែក៖

ភ្នំពេញ : អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក ខៀវ កាញារីទ្ឋ បានសូមបន្តរឿង «មួយចានទឹកមួយចានគោក» ទី ២ ខណៈត្រូវបញ្ចប់ត្រឹមភាគទី៥។

លោក ខៀវ កាញារីទ្ឋ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានមានប្រសាសន៍ថា : មុនពេលឡើងជានាយករដ្ឋមន្ត្រី សម្តេចតេជោគ្រាន់តែត្រូវបានកត់សម្គាល់ជាអ្នកមាន វោហារសាស្ត្រ មានប្រាជ្ញាគិតលឿន ពិសេសតួនាទីជារដ្ឋមន្ត្រីការបរទេសបានអោយលោកដុសខាត់បញ្ញាស្មារតីជាមួយមនុស្សគ្រប់បែប គ្រប់វ័យ គ្រប់និន្នាការ ។ ដំណើរប្រលូកក្នុងតួនាទីជារដ្ឋមន្ត្រីការបរទេសនេះ ធ្វើអោយលោកមានវិធីសាស្ត្រជ្រៅជ្រះក្នុងការវិភាគ និង ធ្វើសកម្មភាពខ្លាំងក្លាដើម្បីស្វែងរកការគាំទ្រសាធារណរដ្ឋប្រជាមាិតកម្ពុជា ក្នុងសម័យតស៊ូដ៏តឹងតែងដើម្បីស្វែងរកការគាំទ្រសាធារណរដ្ឋប្រជាមានិតកម្ពុជា ទាំងផ្នែក នីត្យានុកូលភាព (Légalité ) ទាំងផ្នែក ធម្មានុរូបភាព ( Légitimité ) ។ នៅសម័យនោះ បើអ្នកកាសែតបស្ចឹមប្រទេសសួរខ្ញុំពីការប្រៀបបៀបរវាងសម្តេច ហ៊ុន សែន និង សម្តេច ជា សុីម ខ្ញុំតែងលើករូបភាពខ្លីមួយប្រាប់គេថា «លោក ហ៊ុន សែន ជាអ្នកវាយលុក ឯ លោក ជា សុីម ជាអ្នកការពារកន្លែងដែលវាយលុកបាន» ។

លោកបន្តថា : អាស្រ័យបទពិសោធន៍ទាំងនៅជួរទ័ពសម័យសង្គ្រាម លន់ ណុល ទាំងនៅជារដ្ឋមន្ត្រីការបរទេស សម្តេច ហ៊ុន សែន បានរៀបចំយ៉ាងចំណាននូវយុទ្ធវិធី «មួយចានទឹកមួយចានគោក» ដែលជាទូទៅ លោកបានទាំងទឹកទាំងគោក ។ មានតែម្តងគត់ដែលលោកមិនបានសម្រេចតាមបំណង តែបែរជាល្អសម្រាប់លោកទៅវិញនៅពេលអនាគត ធ្វើអោយអ្នកផងមានជំនឿថា លោកពិតជាមានអ្នកថែ រក្សាខ្ពង់ខ្ពស់មែន ។

ការបរាជ័យរបស់សម្តេចគឺនៅចន្លោះឆ្នាំ ១៩៨៨ – ១៩៨៩ ។ នៅពេលនោះ ថៃបានឈោងដៃមករកសម្តេចក្នុងយុទ្ធសាស្ត្រ «ប្រែប្តូរសមរភូមិអោយទៅជាទីផ្សារ» ព្រោះថៃដឹងថា «រដ្ឋាភិបាលចម្រុះត្រីភាគីកម្ពុជាប្រជាធិបតេយ្យ» ពិតជាមិនអាចយកឈ្នះលើសមរភូមិបានឡើយ ។ សម្តេចតេជោ ក៏មានយុទ្ធវិធី បំបែកការគាំទ្ររបស់ថៃចេញពីជំហររបស់អាស៊ាន ពិសេសតាមរយៈសមរភូមិទីផ្សារនេះឯងដែរ ។

ពេលនោះ នៅក្នុងសម័យប្រជុំរដ្ឋសភាក្នុងទីក្រុងភ្នំពេញ សម្តេចបានស្នើសុំអោយរដ្ឋសភាពិចារណាពីការអនុញ្ញាតអោយក្រុមហ៊ុនថៃមកធ្វើអាជីវកម្មនៅតំបន់ប៉ៃលិន ដោយសម្តេចយល់ច្បាស់ពីការលំបាករបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាក្នុងការថែរក្សាតំបន់នេះ ( កងទ័ពតិចតួច ជម្ងឺគ្រុនចាញ់ ផ្លូវដឹកជញ្ជូនឆ្ងាយ សម្បូរមីន និង ការពួនស្ទាក់របស់សត្រូវ ) ។ ហេតុនេះបើអោយក្រមហ៊ុនថៃមកធ្វើអាជីវកម្មនៅប៉ៃលិន ពួកខ្មែរក្រហមដែលដកដង្ហើមតាមថៃពិតជាមិនហ៊ានប៉ះពាល់ឡើយ ។

តែសំណើដែលសម្តេចបានលើកឡើងនៅពេលនោះមិនបានទទួលការគាំទ្រពីរដ្ឋសភាទេ ដោយម្នាក់ៗមិនទុកចិត្តថៃ ពិសេស បង ឆេង ផុន រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានឡើងថ្លែងថា «ប្រយ័ត្នបាត់ទាំងដី បាត់ទាំងខួរក្បាល » ។ សម្តេចតេជោ ក៏មិនជំរុញរឿង នេះទៀត ។ បើសិនជាពេលនោះ រដ្ឋសភាយល់ស្របតាមសំណើសម្តេច ខ្មែរក្រហមពិតជាមិនអាចកាន់កាប់ប៉ៃលិនបាននៅចុងឆ្នាំ ១៩៨៩ ទេ ។ ប៉ុន្តែក្នុងស្ថានភាពនេះ ប្រហែលមកទល់បច្ចុប្បន្ន សម្តេចហ៊ុនសែន ប្រាកដជាត្រូវគេចោទពីបទក្បត់ជាតិបំផ្លាញធនធានធម្មជាតិប្រទេសយ៉ាងធ្ងន់ធ្ងរជាមិនខាន ។ នេះបានសមនឹងពាក្យខ្មែរថា «រអិលជើងដួលលើគំនរមាស» មែន ។

នៅមានត…..ចាំអានសម្រាប់ភាគទី៣ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print