ខេត្តកំពង់ចាម : ពិធីសម្ភោធសមិទ្ធិផលនានានៅវិទ្យាល័យ និងបឋមសិក្សាហ៊ុន សែន ផ្តៅជុំ ស្ថិតនៅភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុក ជើងព្រៃខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ានិត មានប្រសាសន៍ថា : ថ្ងៃនេះ ខ្ញុំបានចូលរួមពិធីសម្ពោធសមិទ្ធផលនានា នៅវិទ្យាល័យ និងបឋមសិក្សា ហ៊ុន សែន ផ្តៅជុំ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។
លោកថ្លែងថា : សមិទ្ធផលនានា ដែលយើងដាក់ឲ្យសម្ពោធ ប្រើប្រាស់នៅថ្ងៃនេះ បានចាប់ផ្តើមកសាងនៅឆ្នាំ២០២២ រួមមានអគារស្នាក់នៅសម្រាប់គ្រូបង្រៀន អគារសិក្សា បណ្ណាល័យ និងអគារធនធាន ដែលបានរៀបចំជាបន្ទប់កុំព្យូទ័រ បន្ទប់កាត់ដេរ សាលប្រជុំ បន្ទប់អាហារសម្រន់ ទីលានកីឡាបាល់បោះ រួមជាមួយសម្ភារៈបម្រើដល់ការសិក្សា ដែលជាអំណោយរបស់សាធារណរដ្ឋប្រជាមានិតចិន។
ការអភិវឌ្ឍទាំងនេះ បានផ្តល់ប្រយោជន៍ដល់ប្រជាជននៅមូលដ្ឋាន សាបព្រោះចំណេះដឹង ចំណេះធ្វើ ប្រកបដោយគុណភាព សីលធម៌ និងគុណធម៌ សម្រាប់ក្មួយៗសិស្សានុសិស្ស នៅមូលដ្ឋាន ស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យើងបេជ្ញាការពារសុខសន្តិភាព ស្ថិរភាពសង្គម បន្តលើកកំពស់ជីវភាពប្រជាពលរដ្ឋ រក្សាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។
សូមថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កម្លាំងមានសមត្ថកិច្ច មេភូមិ អនុភូមិ ប្រជាការពារ និងអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន ដែលបានខិតខំបម្រើប្រជាជនទាំងសេវាសាធារណៈ និងសេវាតម្រូវការ៕
ដោយ : សិលា