ខេត្តស្វាយរៀង: ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមសហគមន៍ឲ្យបានទាន់ពេលវេលា នៅព្រឹក ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំង លោកលោកស្រី គណៈកិត្តិយស គណៈកម្មាធិការសាខា បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រារ គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសារមានជីវភាពខ្វះខាត សរុបចំនួន ១៨១ គ្រួសារបន្ថែមទៀត
ក្នុងស្រុករមាសហែក មកពី ១៦ ឃុំ ។
បន្ទាប់ពីមានសំណូមពររបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាមសហគមន៍ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានស្នើសុំជំនួយពីសាខា លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានឯកភាពក្នុងការដោះស្រាយជូនពួកគាត់នៅតាមក្រុងស្រុកទាំង ៨ ឲ្យទាន់ពេលវេលានារដូវបុណ្យភ្ជំកាន់បិណ្ឌនេះ ។
ក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំបណ្តាំសួរសុខទុក្ខ ពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងការផ្តាំផ្ញើ សូមបងប្អូនយកចិត្តទុកដាក់អំពីការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងការថែទាំសុខភាពរស់នៅប្រកបដោយអនាម័យ ។
សម្តេចក៍បានជម្រាបជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់ថា ដោយមើលឃើញការលំបាក នាចុងរដូវវស្សាឆ្នាំ ២០២៣ នេះក៏ដូចជារៀងរាល់ឆ្នាំ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្រេចដោះស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា នូវស្បៀង សម្ភារប្រើប្រាស់ ថវិកា ដល់ប្រជាជនងាយរងគ្រោះមហន្តរាយ ផ្សេងៗ ដែលរស់នៅតាមភូមិ ឃុំមួយចំនួន ក្នុងក្រុង ស្រុកទាំង ៨ នាពេលនេះ និងពេលខាងមុខទៀត ។
ដូចបងប្អូនទាំងអស់គ្នាដឹងហើយថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននៃសមាគមជាតិ ក្នុងវិស័យមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយទូទាំងប្រទេស ដែលកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនណារម្នាក់ចោល ។
ទោះបីនៅពេលនេះ សម្តេចប្រធានមិនបានអញ្ជើញមកផ្ទាល់ក៏ពិតមែន ប៉ុន្តែរាល់សកម្មភាព ចែកអំណោយ សម្តេចតែងតែឱក្រុមការងារនៅតាមបណ្តាសាខា អនុសាខា ពាំនាំនូវបណ្តាំ ការសាកសួរសុខទុក្ខជាប្រចាំ និងរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋត្រូវមានលក្ខណៈត្រៀម បង្ការជានិច្ចនូវ គ្រោះមហន្តរាយនានា ព្រោះបច្ចុប្បន្ននៅលើពិភពលោក ក៏ដូចប្រទេសកម្ពុជាយើង តែងទទួលរងនូវផលប៉ះពាល់ ការផ្លាស់ប្តូរអាកាសធាតុ នៅគ្រប់ពេលវេលា មិនថាទីណា កន្លែងណានោះទេ បង្ករឡើងនូវគ្រោះមហន្តរាយញឹកញ៉ាប់ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់កន្ត្រាក់ជាដើម ។
អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារ ទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រី ខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកាធ្វើដំណើរ ៥ ម៉ឺន រៀល៕ ដោយ៖សុថាន