ខេត្តសៀមរាប ៖ លោកឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍បញ្ជាក់ថា “រាល់ការថតរូបជាអនុស្សាវរីយ៍ សម្រាប់គ្រួសារ សម្រាប់បង្ហោះតាមFacebook, TikTok ដែលនិយាយពីវប្បធម៌ ប្រពៃណី ភាពអស្ចារ្យទៅលើស្នាដៃសិល្បៈ វិស្វកម្មសំណង់របស់ប្រាសាទ របស់បុព្វបុរសខ្មែរយើង [អាជ្ញារជាតិអប្សរា] អត់មានអ្វីជាបញ្ហាទេ យើងមិនដែលតម្រូវឱ្យគាត់ធ្វើការស្នើសុំទេ”។
ប៉ុន្តែ អាជ្ញាធរជាតិអប្សរា តម្រូវឱ្យការស្នើសុំជាមុន សម្រាប់អ្នកថតផ្សាយតាមYoutube ផលិតភាពយន្ត ឬអ្នកយកផលិតផលទៅផ្សាយពាណិជ្ជកម្ម ដោយប្រើរូបភាពរបស់អង្គរ ឬផ្នែកណាមួយរបស់រមណីយដ្ឋានអង្គរ ដែលអាជ្ញាធរចាំបាច់ត្រូវឃាត់ និងឱ្យស្នើសុំជាមុន។
លោកឡុង កុសល មានប្រសាសន៍បន្ថែមថា ព្រោះរូបភាពទាំងអស់នោះ ដែលគាត់រកពាណិជ្ជកម្ម ឬរកប្រាក់ចំណូល គឺអាចប៉ះពាល់ទៅដល់ខ្លឹមសារជាប្រវត្តិសាស្ត្រ ហើយថាតើសមរម្យ ឬអត់ក្នុងការយករូបភាពរបស់អង្គរ ទៅបម្រើពាណិជ្ជកម្មផលិតផលរបស់គាត់ នេះហើយជាចំណុចដែលយើងត្រូវគិតគូរ។ អ៊ីចឹងទើបយើងឱ្យគាត់ស្នើសុំមកយើងជាមុន ដើម្បីយើងជួយពិនិត្យលក្ខណៈ ទាំងបច្ចេកទេស រួមទាំងខ្លឹមសារ ថាតើខ្លឹមសារនោះត្រឹមត្រូវ ឬអត់ ល្អ ឬអត់ ពេលប្រើប្រាស់ (ផ្សាយ) ទៅ អាចចៀសផុតពីផលប៉ះពាល់ ទៅលើអត្ថន័យខ្លឹមសារជាអវិជ្ជមានណាមួយ មកដល់ទាំងប្រវត្តិសាស្ត្រ ទាំងរូបភាពជាក់ស្ដែងរបស់អង្គរ ៕
ដោយ ៖ សហការី