ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានលើកបន្ត
ពី «មួយចានទឹកមួយចានគោក» ភាគ ៤… ហើយមានប្រសាសន៍ថា ៖ យុទ្ធសាស្ត្រទម្លាក់បៀវាយផ្តាច់«មួយចានទឹក មួយចានគោក» របស់សម្តេច អាចសរុបនៅក្នុងពាក្យ ២ ឃ្លា ដែលខ្ញុំចាំជារៀងរហូត នោះគឺ ទីមួយ « នេះជាអ្វីដែលខ្ញុំចង់ឮយូរហើយ» និង ទីពីរ «ខ្ញុំចង់ខ្ចីដៃរដ្ឋសភាដើម្បីបង្ខំគណកម្មាធិការមជ្ឈឹមបក្ស» ។ អាចគូសវាសជាខ្លីថា «ពេល» និង «ទីកន្លែង» ។
ពេលដែលនាយករដ្ឋមន្ត្រី ហ៊ុន សែន ពោលថា «នេះជាអ្វីដែលខ្ញុំចង់ឮយូរហើយ» បង្ហាញថា លោកមានគំនិត ឬ ចិញ្ចឹមគំនិតនេះយូរហើយ តែលោកមិនបញ្ចេញអីទាំងអស់ ព្រោះបើតាមគំនិតខ្ញុំ ស្ថានភាពមិនទាន់ទុំជោរ ឬ ជម្ងឺមិនទាន់សាកថ្នាំអស់ ។ គំនិតដែលលោកមាន បើសិនជាលោកលើកឡើងនៅពេលដែល លោក ប៉ែន សុវណ្ណ កំពុងកាន់អំណាច ប្រាកដជាគ្រោះថ្នាក់ ។ នៅក្រោយឆ្នាំ ១៩៧៩ ដែលលោកប៉ែន សុវណ្ណ ក្តាប់ទាំងការងារបក្ស ក្តាប់ទាំងការងាររដ្ឋ លោកដឹងថានៅក្នុងបក្សមិនសូវមានអ្នកគាំទ្រលោក ហើយ លោកក៏គ្មានកម្លាំងខ្លាំងក្លា ដោយក្រៅតែពីការគាំទ្ររបស់វៀតណាម លោកមិនមានកម្លាំងក្នុងស្រុកព្រោះលោកជាមនុស្សមកពីខាងជើងវៀតណាម ។ លោក ប៉ែន សុវណ្ណ ពេលនោះ ងាកមកយកចិត្តក្រុមបញ្ញវន្តដើម្បីយកក្រុមបញ្ញវន្តជាបង្អែកឈានទៅបន្ថយតួនាទីអ្នកតស៊ូក្នុងស្រុកបន្តិចម្តងៗ ។ បើសិនជាសម្តេចតេជោលើកពីគំនិតនេះ គឺ ច្បាស់ណាស់ដែលថា ប៉ែន សុវណ្ណ ពិតជាយកលេសថា ហ៊ុនសែន ជាពួកសើរើនិយមដ៏គ្រោះថ្នាក់បំផុតដែលត្រូវតែកម្ចាត់ចោល ។ ក្រោយពីការដក ប៉ែន សុវណ្ណ ហើយក្តី ក៏គំនិតគិតក្រៅពីក្បួន ( Thinking Out of the Box ) សង្គមនិយម/កុម្មុយនីស្តនិយម ដែលកំពុងជាក្បួនអនុវត្តក៏មិនទាន់មានច្រើន ឬ ក៏មិនមានអ្នកណាហ៊ាននិយាយដែរ ។ ហេតុនេះ លោកនាយករដ្ឋមន្ត្រីរង់ចាំយ៉ាងអត់ធ្មត់ដើម្បីអោយមតិភាគ ច្រើនយល់ដោយខ្លួនឯងថា ស្មារតី «ធ្វើរួមសុីរួម» មិនអាចរុញការស្តារសេដ្ឋកិច្ចកម្ពុជាអោយទៅមុខបានទេ ។
ពាក្យសម្តេចថា «ខ្ញុំចង់ខ្ចីដៃរដ្ឋសភាដើម្បីបង្ខំគណកម្មាធិការមជ្ឈឹមបក្ស» បង្ហាញពីភាពឈ្លាសវៃរបស់លោក ក្នុងការជ្រើសរើសសមរភូមិដែលអំណោយផលដល់លោក ។ សម័យនោះ បើសិនជាសម្តេចលើក រឿងនេះនៅក្នុងម ជ្ឈឹមបក្សសម្តេចអាចត្រូវបរាជ័យ ព្រោះបក្សប្រជាជនកម្ពុជានៅពេលនោះមិនមែនដូចជាបក្សកុម្មុយនីស្តសូវៀត ចិន ឬ វៀតណាម នោះទេ ។ ក្នុងបក្សកុម្មុយនីស្តសូវៀត ចិន វៀតណាម គេសុទ្ធតែមានវីរបុរសដែលចង្អុលទៅសមាជិកបក្សត្រូវតែរាបទទួលអនុវត្ត ( លេនីន ម៉ៅសេទុង ហូជីមិញ ) ។ បក្សប្រជាជនកម្ពុជានៅដើមទសវត្សរ៍ ៨០ មិនមានវីរបុរសណាលេចធ្លោទេ នេះជាការគួបកម្លាំងតស៊ូរវាងតំបន់នានា ហើយការវិភាគនៅមានកម្រិតហេតុនេះឈានលើសពីអ្វីដែលក្បួនបានចែងគឺពិតជាលំបាក ។
នៅក្រោយរំដោះ ការយល់ដឹងពីសេដ្ឋកិច្ចមានតិច ហេតុនេះយើងមានតែមើលការអនុវត្តប្រទេសគេខ្លះ មើលក្បួនខ្លះ ។ នៅក្នុងថ្នាក់ដឹកនាំមានការជជែកគ្នាតឹងតែងពីការបង្កើតផ្សារ ការគាបសង្កត់មិនអោយមានថៅកែសុីក្លូ ព្រោះនេះជាការជិះជាន់ពលកម្ម – ល – និង – ល – ។ សូម្បីតែពេលនោះ បង ហោ ណាំហុង ដែលជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស បានសុំសម្ភារៈតិចតួចពីបង គង់ សំអុល ដូចជាសង្កសី និង គ្រឿងសាងសង់ខ្លះ ដើម្បីធ្វើកូនផ្ទះមួយនៅខាងកើតច្រកចូលវត្តជ្រោយអំពិល ត្រូវបានគេលើកបែកផ្សែងពីរឿងកម្មសិទ្ធិឯកជន ( មានផ្ទះ ២ គឺចេញលក្ខណៈអនុធនហើយ ) ក្នុងសម័យប្រជុំថ្នាក់ដឹកនាំប្រទេសដែរ ។
នៅមានត…ភាគទី៥ ជាភាគបញ្ចប់ ៕
ដោយ ៖ សិលា