ភ្នំពេញ : សេចក្តីប្រកាសព័ត៌មានស្តីពី ការបញ្ឈប់សកម្មភាពព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណ ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល របស់លោក ស៊ូ សេងហ៊ួរ ។
ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និង លក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើកទីតាំងអគារឱសថបុរាណថ្មីដោយគ្មានច្បាប់ អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២ដង រួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។
ទោះបីជាធ្លាប់បានសន្យាថាបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏លោក ស៊ូ សេងហួរ នៅតែបន្តផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុកនូវការព្យាបាលជំងឺមិនប្រក្រតី និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួង សុខាភិបាល។ ដោយសង្កេតឃើញនូវសកម្មភាពទាំងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះទៅបិទបញ្ឈប់សកម្មភាពខុសច្បាប់ និងណែនាំលោក ស៊ូ សេងហួរ ឱ្យលុបវីដេអូ ផ្សព្វផ្សាយការព្យាបាលជំងឺប្រាស់ចាកការពិតទាំងអស់ចេញពីបណ្តាញសង្គមហ្វេសប៊ុកជាបន្ទាន់។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តទទួលការព្យាបាលដោយមន្តអាគម ឬឱសថ បូរាណដែលខុសច្បាប់ និងកុំជឿការឃោសនាភូតកុហកបោកប្រាស់ទាំងនោះ តាមបណ្តាញសង្គម គ្លីបវីដេអូ ឬការ ផ្សព្វផ្សាយតៗគ្នា ដែលនាំឱ្យខាតបង់ប្រាក់ ពេលវេលា ប៉ះពាល់ដល់សុខភាព និងអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់ អាយុជីវិតជាយថាហេតុ។
ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿង សំអាង នៃក្រសួងសុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៨៥៥៣៨០៦៦ ០១២៩៨៣៣៣៤ ០១២២០៤៩៦៥៕
ដោយ : សិលា