ភ្នំពេញ៖ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលទទួលបាននៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ កម្ពុជា ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ទទួលបានចំណូលជាង ២៧៣លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣ ពោលគឺចាប់ពីខែមករា ដល់ខែសីហាកន្លងមកនេះ។
របាយការណ៍ខាងលេីនេះ បានគូសបញ្ជាក់ថា៖ «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែសីហា ឆ្នាំ២០២៣ មានចំនួន ២៧២ ១៨១ ៤៩៤ដុល្លារ ដោយបាននាំចេញជ័រកៅស៊ូសរុបចំនួន ២០៥ ១៦៧តោន បានកើនឡើង ចំនួន៦ ៣៥៤តោន ស្មើនឹង៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកការនាំចេញឈើកៅស៊ូ ទទួលបានថវិកាចំនួន១ ១៧៦ ៦១២ដុល្លារ ពីការនាំចេញឈើកៅស៊ូសម្រេចបានចំនួន៧ ៤៥២ម៉ែត្រគូប»។
ជាមួយគ្នានោះ អគ្គនាយកដ្ឋានកៅស៊ូ ក៏បានឱ្យដឹងថា តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមក្នុងខែសីហា ឆ្នាំ២០២៣ មានតម្លៃ ១ ២៧៧ដុល្លារក្នុងមួយតោន បានថយចុះចំនួន ២៧ដុល្លារ ក្នុងមួយតោន ស្មើនឹង២.០៣% ធៀបនឹងខែមុន និងបានថយចុះចំនួន១៥៣ដុល្លារក្នុងមួយតោន ស្មើនឹង១១%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯតម្លៃលក់ជ័រកៅស៊ូ គិតជាមធ្យមគិតត្រឹមខែសីហា ឆ្នាំ២០២៣ ថ្លៃ១ ៣២៧ដុល្លារក្នុងមួយតោន បានថយចុះ ចំនួន២៣០ដុល្លារក្នុងមួយតោន ស្មើនឹង១៥%បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។ ដោយឡែកតម្លៃលក់ឈើកៅស៊ូ គិតជាមធ្យមក្នុងខែសីហាឆ្នាំ២០២៣ មានតម្លៃ១៦៧ដុល្លារក្នុងមួយម៉ែត្រគូប។
គួរជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួនជាង ៣១ម៉ឺនហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ជិត៩ម៉ឺនហិកតា ស្មើនឹង២២%។
គួរបញ្ជាក់ថា កម្ពុជា នៅក្នុងឆ្នាំ២០២២កន្លងទៅនេះ រកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕ដោយ៖សហការី