រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោកស្រី Mariam J. Sherman ប្រធានប្រចាំប្រទេសរបស់ធនាគារពិភពលោក (The World Bank)

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួប លោកស្រី Mariam J. Sherman ប្រធានប្រចាំប្រទេសរបស់ធនាគារពិភពលោក (The World Bank) នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងនាមក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ធនាគារពិភពលោក (World Bank) ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាលក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស ដល់វិស័យសុខាភិបាល ក្នុងការអនុវត្តគម្រោងលើកកំពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី១ និងទី២ (Health Equity and Quality Improvement Project) គម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ (COVID-19 Emergency Response Project (COVID-19 ERP))  គម្រោងអាហារូបត្ថម្ភកម្ពុជា (Cambodia Nutrition Project (CNP)) គម្រោងពង្រឹងការបណ្តុះបណ្តាលមុនផ្តល់សេវា (Strengthening Pre-Service Education System for Health Professionals Project (SPESHP)) នាពេលកន្លងមក។

 

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនភាគីធនាគារពិភពលោក អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាលដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត និងជាតិ តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល និងការបន្តប្រយុទ្ធនឹងជំងឺមិនឆ្លង។

លោកស្រី Mariam J. Sherman ប្រធានប្រចាំប្រទេសរបស់ធនាគារពិភពលោក បានថ្លែងអបអរសាទរ និងជូនពរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ក្នុងឱកាសដែល លោកទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកស្រី បានជម្រាបជូន លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី អំពីលទ្ធផលដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទក្រសួង តាមរយៈគម្រោងមួយចំនួនដែលបានអនុវត្តកន្លងមករួមមាន គម្រោងគ្រប់គ្រងជំងឺ គម្រោងគាំទ្រវិស័យសុខាភិបាលជំហានទី១ ទី២ និងគម្រោងលើកកំពស់គុណភាព និងសមធម៌សុខាភិបាលទាំង២ដំណាក់កាល។

លោកស្រីប្រធានប្រចាំប្រទេសរបស់ធនាគារពិភពលោក បានសន្យាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រផែនការយុទ្ធសាស្ត្រសុខាភិបាល និងផែនការអាទិភាពរបស់ក្រសួងសុខាភិបាលជាបន្តទៀត។ 

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ធនាគារពិភពលោក ជាពិសេសលោកស្រី Mariam J. Sherman ប្រធានប្រចាំប្រទេសរបស់ធនាគារពិភពលោក ដែលបានបញ្ជាក់ជំហរបន្តគាំទ្រ រួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕ 

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print