កីឡាករ Sergio Ramos របស់ក្រុមភ្ញៀវ Sevilla បានស៊ុតបាល់បញ្ចូលទីខ្លួនឯងដើម្បីផ្តល់ឱ្យគូប្រជែងចាស់របស់គាត់គឺក្រុមBarcelona ឡើងឈរកំពូលតារាងបណ្តោះអាសន្ននៅ La Liga ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ កញ្ញានេះក្នុងលទ្ធផល១ទល់០។
វីរបុរសក្លិប Real Madrid កីឡាករ Ramos ដែលត្រលប់មកអេស្ប៉ាញវិញជាមួយក្រុម Sevilla បន្ទាប់ពីចំណាយពេល២ឆ្នាំនៅParis St-Germain កំពុងលេងកំណត់ត្រានៅ La Liga លើកទី៣៤ជាមួយគូប្រជែងរបស់គាត់គឺ Barcelona។ កីឡាករវ័យ៣៧ឆ្នាំរូបនេះ បាន ព្យាយាមរារាំងការកាស៊ុត នៅ ពេល ដែល គាត់ បានប្រជែងការ តែត បាល់ បញ្ចូល ទី របស់ Lamine Yamal ធ្វើឲ្យភ្លាត់ស្នៀតលូកជើងប៉ះបាល់ចូល ទីខ្លួនឯងដោយបាល់ផុតដៃ អ្នក ចាំទី របស់ គាត់តែម្តង។
Barcelona ជិតនឹងទទួលបានជ័យជំនះទៅហើយ ដោយខ្សែប្រយុទ្ធ Joao Felix មានឱកាសមួយបានទាត់បាល់ចំគោលដៅ ប៉ុន្តែបាល់បានប៉ះបាទីខាងលើខ្ទាតចេញក្នុងការប្រកួតនៅតង់ទី១។ Barcelona បានបាត់បង់ Raphinha ដោយសាររបួសសរសៃពួរក្នុងតង់ទី១ ក្នុងការប្រកួតទទួលបានលទ្ធផលនេះ នាំឱ្យពួកគេឈរនៅលើកំពូលតារាង La Liga ពីលើក្រុម Girona។ ចំណែកក្រុមភ្ញៀវSevilla មិនមានអ្នកតំណាងណាមួយនៅក្នុងការគ្រប់គ្រងបាល់ចូលក្នុងប្រអប់ទីក្រុមម្ចាស់ផ្ទះ Barcelona នោះទេ។
ក្លិប Barcelona ប្រឈមមុខនឹងការចោទប្រកាន់ជុំវិញការបង់ប្រាក់ទៅឱ្យលោក Jose Maria Enriquez Negreira អតីតអនុប្រធានគណៈកម្មាធិការអាជ្ញាកណ្តាល ដើម្បីជាថ្នូរនឹងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។ UEFA ក៏កំពុងស៊ើបអង្កេតលើបញ្ហានេះដែរ ខណៈដែលមន្ត្រី ស៊ីវិល អេស្ប៉ាញ បាន ឆែកឆេរ ទីស្នាក់ការ របស់ គណៈកម្មាធិការ អាជ្ញាកណ្តាល បច្ចេកទេស អេស្ប៉ាញកាលពី ថ្ងៃ ព្រហស្បតិ៍កន្លងទៅ។
សេចក្តីថ្លែងការណ៍របស់ក្លិប Sevilla បានសរសេរថា “យើងសម្តែងការខឹងសម្បារ និងថ្កោលទោសទាំងស្រុងចំពោះសកម្មភាពដែលធ្វើឡើងដោយអតីតមន្ត្រីរបស់ក្លិប FC Barcelona ដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងលោក Negreira ដែលជាសកម្មភាពដែលត្រូវបានចោទប្រកាន់ថា ជាឧក្រិដ្ឋកម្មដោយតុលាការនៃការណែនាំរបស់ Barcelona ដូចដែលមានចែងនៅក្នុងដីកា របស់ តុលាការ បាន ផ្សព្វផ្សាយ តាម ប្រព័ន្ធ ផ្សព្វផ្សាយ“។
ក្លិប Barcelona ដែលជាអ្នកបដិសេធចំពោះកំហុសណាមួយ បានចេញសេចក្តីថ្លែងការណ៍ជាការឆ្លើយតបដោយអះអាងថាសកម្មភាពរបស់ Sevilla គឺជាការវាយប្រហារប្រឆាំងនឹងស្ថាប័ន Catalan និងជាបទល្មើសដែលមិនអាចទទួលយកបាន ៕ (រូបភាព៖ BBC Sport/Reuters)