ភ្នំពេញ : ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានត្រៀមចំណាយអន្តរាគមន៍ផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ចចំនួន ៦៧២លានដុល្លារ ក្នុងនោះកម្មវិធីឧប្ថម្ភសាច់ប្រាក់គ្រួសារក្រីក្រ និងការឧបត្ថម្ភកញ្ចប់គ្រួសារចំនួន ៣៥០លានដុល្លារ។ នេះបើយោងតាមប្រភពក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ដោយឡែក លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានបញ្ជាក់លើប្រព័ន្ធ Telegram នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ថា : -រាជរដ្ឋាភិបាលកម្ពុជាបាន ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩ ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ ខែ។ ប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះមានចំនួនសរុប ៤៣៧ ៧៣១ គ្រួសារ (ស្មើនឹងប្រជាជនជាង ២,៧ លាននាក់) ដែលរដ្ឋាភិបាលបានចំណាយថវិកាសរុបជិត ១២០០លានដុល្លារ។
-រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឱ្យយអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ មក។ មកទល់ពេលនេះមានស្ត្រីនិងកុមារដែលទទួលផលពីកម្មវិធីនេះមានចំនួន ៣៣៩ ៩៧៧នាក់, ចំណាយថវិកាសរុបជិត ២៧ លានដុល្លារ។
-រាជរដ្ឋាភិបាលកម្ពុជាបានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណាដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៤៩៥ ១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១,៨ លាននាក់) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួនជាង ៤២ លានដុល្លារ។
-កម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន ៣ របស់រាជរដ្ឋាភិបាលកម្ពុជាជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណាផ្ដល់អត្ថប្រយោជន៍ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២លាន៧សែននាក់ (ឬ ៤៣៧,៧៣១ គ្រួសារ), ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួន ៣៣៩,៩៧៧នាក់ និងគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ចំនួនជាង ១,៨លាននាក់ (ឬ ៤៩៥,១១៩គ្រួសារ) បានចំណាយទឹកប្រាក់សរុបចំនួនជាង ១២០០លានដុល្លារ៕
ដោយ: សុខ ខេមរា