ភ្នំពេញ : សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសខួបកំណើតប្រកបដោយពរជ័យសិរីមង្គលមហាប្រសើររបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នេះ។
សារលិខិតជូនពរ
សូមជម្រាបជូន
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជាទីរាប់អាន !
ខ្ញុំ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ ចូលរួមអបអរសាទរដោយសេចក្ដី ស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅក្នុងឱកាសខួបកំណើតប្រកបដោយពរជ័យសិរីមង្គលមហាប្រសើររបស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នេះ។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ក្នុងការរៀបចំគោលនយោបាយសំខាន់ៗ ជាច្រើនដើម្បីជំរុញ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសស្ថិតលើ ការងាររៀបចំគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការងាររៀបចំកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យទទួលបានលទ្ធផលដ៏ត្រចះត្រចង់។
ខ្ញុំ និងភរិយា សូមយកឱកាសដ៏សិរីមង្គលនេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តីជ័យមង្គលគ្រប់ប្រការជូនដល់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ទទួលនូវការរាប់អានអំពីខ្ញុំ និងភរិយា ៕
ដោយ : សិលា