ខេត្តកំពង់ស្ពឺ÷ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងម្នាក់ទៀតរងរបួសបន្ទាប់ពីជិះម៉ូតូត្រូវរថយន្តកៀរបុកកិននៅចំណុចភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គ ខេត្តកំពង់ស្ពឺ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ៣៨-៣៩ កាលពីវេលាម៉ោង៥នឹង៣៩នាទីព្រឹកថ្ងៃទី២ខែតុលាឆ្នាំ២០២៣។
មន្ត្រីនគរបាលក្រុងឧដុង្គបានឲ្យដឹងថាមុនកើតហេតុមានរថយន្ដមួយគ្រឿង ម៉ាកTOYOTA TACOMA ពណ៌ស ពាក់
ស្លាកលេខភ្នំពេញ2BL-5036 បើកបរដោយឈ្មោះ ណាក់ វ៉ាន់រិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិវិហារខ្ពស់ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ បើកបរពីទិសខាងលិចទៅទិសខាងកើត ។
លុះមកដល់ចំណុចកើតហេតុខាងលើបានទៅកៀរបុកកិនម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM 125CC ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1IY-6064 បើកបរដោយឈ្មោះថៃ សាវីន ភេទស្រី អាយុ២៤ឆ្នាំ(ស្ដ្រីមានផ្ទៃពោះ) និងអ្នករួមដំណើរឈ្មោះឡៃ ម៉ន ភេទស្រី អាយុ៥៦ឆ្នាំ ទាំងពីរនាក់រស់នៅភូមិអំពិលទឹក ឃុំវិហារហ្លួង ស្រុកពញាឭ ខេត្តកណ្ដាល ដែលកំពុងតែបើកបរស្របទិសគ្នាកៀរបុកកិនស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងទៅ។
ប្រភពបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញបានឃាត់ខ្លួនអ្នកបើកបររថយន្តបង្កបានភ្លាមៗ ចំណែកអ្នករងរបួសត្រូវក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យបង្អែកក្រុងឧដុង្គម៉ែជ័យ។
សពស្ត្រីរងគ្រោះបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក
អ្នកបើកបររថយន្ដយកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យរួមទាំងវត្ថុតាងទាំងពីរគ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ÷ចន្ទ លីហ្សា