ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌចំនួន ១៤ក្នុងរាជធានីភ្នំពេញ បានបន្តចុះផ្សព្វផ្សាយភូមិ-សង្កាត់មានសុវត្ថិភាព ពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន ក្មេងទំនើង និងច្បាប់ចរាចរណ៍ផ្លូវគោក។
ជាក់ស្ដែងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាឱ្យលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលរលួស ដឹកនាំមន្ត្រីក្រោមឱវាទ ចុះផ្សព្វផ្សាយភូមិ-សង្កាត់មានសុវត្ថិភាព ពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន ក្មេងទំនើង ច្បាប់ចរាចរណ៍ផ្លូវគោក និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដល់បងប្អូនកម្មករ- កម្មការិនី ធ្វើការនៅក្រុមហ៊ុន ជី ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដោយឡែកលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ក៏បានបញ្ជាឱ្យកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលចំនួន០១ទីតាំង ស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលការត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួលបានចំនួន ១២បន្ទប់ ១២គ្រួរសារ មនុស្សសរុប ៣៦នាក់ ប្រុស១៩នាក់ អាយុ១៨ឆ្នាំឡើងចំនួន ៣៣នាក់ ប្រុស១៤នាក់។ កម្លាំងបានផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន និងណែនាំមិនឱ្យចាក់ធុងបាសនៅពេលយប់ ដែលធ្វើឲ្យមានសំលេងរំខានដល់អ្នកជិតខាងផងដែរ។
ជាមួយគ្នានោះ ដោយអននុវត្តន៍តាមប្រសាសន៍លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ក៏បានឱ្យកម្លាំងចុះការពារសម្រួលចរាចរណ៍និងសណ្តាប់ធ្នាប់សាធាណតាមទីវត្តអារាម សាលាឆទាននៅក្នុងមូលដ្ឋាខណ្ឌដែលបានមកធ្វើបុណ្យកាន់បិណ្ឌតាមប្រពៃណី៕ដោយ៖សហការី