ភ្នំពេញ : នៅទីស្តីការក្រសួង នាថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ លោក ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក បានដឹកនាំកិច្ចប្រជុំជាមួយក្រុមបេសកកម្មវាយតម្លៃគម្រោងជាមុន (Pre-Appraisal Mission) របស់ធនាគារពិភពលោក និងស្ថាប័នពាក់ព័ន្ធរួមមាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀងអាហារ និងកសិកម្ម (FAO) និងក្រុមហ៊ុនទីប្រឹក្សា Mekong Water Solution (MWS)។
ជាកិច្ចចាប់ផ្តើម លោករដ្ឋលេខាធិការប្រចាំការ ប្រធានអង្គប្រជុំ បានថ្លែងនូវមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក លោកស្រី ទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំ និងបានលើកឡើងពីគោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសគឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្ដោតសំខាន់ទៅលើសន្តិសុខទឹក ហើយដែលមានភាពស៊ីគ្នាជាមួយនឹងគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា (CaWSIP) ដែលគាំទ្រហិរញ្ញប្បទានពីធនាគារពិភពលោក។
ក្នុងឱកាសនេះដែរ តំណាងធនាគារពិភពលោក បានធ្វើបទបង្ហាញស្តីពី សាវតារនៃគម្រោង គោលបំណងនៃគម្រោង ស្ថានភាព ដំណាក់កាលនៃគម្រោង ព្រមទាំងវឌ្ឍនភាពនៃគម្រោង ជម្រាបជូនអង្គប្រជុំទាំងមូលសម្រាប់ជាធាតុចូល និងមានការជជែកពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធលើការរៀបចំ និងការប្រព្រឹត្តទៅនៃគម្រោង។
ជាចុងក្រោយ លោករដ្ឋលេខាធិការប្រចាំការបានថ្លែងអំណរគុណចំពោះធនាគារពិភពលោក និងភាគីពាក់ព័ន្ធដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ។ លោកប្រធានក៏បានលើកទឹកចិត្តឱ្យក្រុមការងារទាំងអស់មានការចូលរួម និងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យក្រុមបេសកកម្មវាយតម្លៃគម្រោង(Pre-Appraisal Mission) របស់ធនាគារពិភពលោកទទួលបានជោគជ័យផងដែរ។
គួរបញ្ជាក់ថា គម្រោង CaWSIP នេះកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃជាមុន (Pre-Appraisal) និងគ្រោងអនុវត្តនៅពាក់កណ្តាលឆ្នាំ២០២៤ ខាងមុខ៕
ដោយ : សហការី