នាយឧត្តមសេនីយ៍ វង្ស ពិសេន និងគណៈប្រតិភូកងទ័ពកម្ពុជា ជួបសំដែងការគួរសមជាមួយនាយករដ្ឋមន្ត្រីឡាវ

ចែករំលែក៖

វៀងច័ន្ទ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅឡាវ ពីថ្ងៃទី០១ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងគណៈប្រតិភូ បានចូលជួបសម្ដែងការគួរសមជាមួយ លោកសនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

នាឱកាសនោះ លោកសនសៃ ស៊ីផាន់ដន បានថ្លែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូជាន់ខ្ពស់អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលបានមកបំពេញទស្សនកិច្ចនៅឡាវក្នុងឱកាសនេះ ដែលជាការរួមចំណែកដ៏សំខាន់ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងកងទ័ពប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីឡាវ ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូអគ្គបញ្ជាការដ្ឋានបានចូលជួបសម្ដែងការគួរសម និងបានជម្រាបជូនពីស្ថានភាពមួយចំនួននៅកម្ពុជា ពិសេសការបញ្ចប់សង្គ្រាមរាំរ៉ៃនៅកម្ពុជាហើយនាំមកនូវសន្តិភាពពេញលេញ, ជោគជ័យការប្រយុទ្ធនឹងជំងឺកូវីដ-១៩, ជោគជ័យការរៀបចំកិច្ចប្រជុំនិងព្រឹត្តិការណ៍នានាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជោគជ័យដំណើរការបោះ និងការរៀបចំរាជរដ្ឋភិបាលអាណត្តិទី៧។

ជាមួយនោះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានជម្រាបជូនពីលទ្ធផលជំនួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ដែលប្រព្រឹត្តទៅទទួលបានលទ្ធផលល្អ នៅក្នុងការបន្តពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរល្អ ពិសេសវាងកងកម្លាំងប្រទេសទាំងពីរនៅតំបន់ព្រំដែន។

លោកនាយករដ្ឋមន្ត្រីឡាវ បានគាំទ្រការលើកឡើងរបស់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានបង្ហាញពីទឹកចិត្តដ៏ស្មោះស បន្តរួមគ្នាពូនជ្រុំចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈរលើស្មារតីនៃភាពជាអ្នកជិតខាងល្អ ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តែងបានជួយដល់ឡាវក្នុងអំឡុងពេលវិបត្តិគ្រោះអាសន្ននានា ជាពិសេសការផ្តល់ជំនួយជាថវិកា និងសម្ភារបរិក្ខារពេទ្យ រួមទាំងវ៉ាក់សាំង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។

...

បន្ទាប់មកនៅក្នុងថ្ងៃដដែលនោះដែរ នាយឧត្តមសេនីយ៍ វង្ស ពិសេន និងគណៈប្រតិភូ បានចូលជួបសម្តែងការគួរសមជាមួយ នាយឧត្ដមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវផងដែរ ដែលក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ចាន់ សាម៉ន បានសម្តែងនូវការស្វាគមន៍ដល់ដំណើរបំពេញទស្សនកិច្ចរបស់កងយោពលខេមរភូមិន្ទ មកកាន់ប្រទេសឡាវ និងបានថ្លែងអំណរគុណដល់កងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានបញ្ជូនកម្លាំងមកចូលរួមធ្វើលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះហន្តរាយនៅប្រទេសឡាវ បានផ្ដល់បទពិសោធន៍ល្អៗ ដល់កងទ័ពប្រជាជនឡាវ ដើម្បីជាទុនក្នុងការចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយផ្សេងៗកើតឡើង៕ ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print