រយៈពេល ៩ខែ ឆ្នាំ២០២៣កន្លងមកនេះ មានយានយន្តជាង ៣លាន ៥សែនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានប្រមាណ ២៧លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖  រយៈពេល ៩ខែ ឆ្នាំ២០២៣កន្លងមកនេះ មានយានយន្តជាង ៣លាន ៥សែនគ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានប្រមាណ ២៧លានដុល្លារ សហរដ្ឋអាមេរិក។ នេះ ជាការបញ្ជាក់ពី លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។

លោក ហ៊ាង សុទ្ធាយុត្តិ បន្ថែមថា ៖ ដោយឡែកបើគិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់នឹង ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រកចំណូលបានប្រមាណ ៣២លានដុល្លារសហរដ្ឋអាមេរិក ដោយមានយានយន្តធ្វើចរាចរណ៍ជាង ៤លាន ២សែនគ្រឿង។

លោក ហ៊ាង សុទ្ធាយុត្តិ បន្ថែមដែរថា ក្នុងរយៈពេល ៩ខែនេះ ក៏មានអ្នកដំណើរស្នើសុំសង្គ្រោះ ចំនួន ប្រមាណ ៣ពាន់លើក និងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួនប្រមាណ ២៥០ករណី ក្នុងនោះបង្កឱ្យមានមនុស្សរបួសចំនួន ៣៣នាក់ និងបណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ៤នាក់។

លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ថា តួលេខនេះបង្ហាញថា ជាមធ្យមគ្រោះថ្នាក់កើតឡើង តិចជាង មួយដង ក្នុងមួយថ្ងៃ។ បើប្រៀបធៀបទៅនឹងផ្លូវផ្សេងៗ ដែលមានចរាចរណ៍មមាញឹក ដូចគ្នា ឃើញថាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាផ្លូវដែលមានសុវត្ថិភាពខ្ពស់ និងចំណេញពេល វេលា ធ្វើដំណើរ។

ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានក្រើនរំលឹក ដល់ អ្នកប្រើប្រាស់ដងផ្លូវទាំងអស់ត្រូវបើកបរដោយការប្រុងប្រយ័ត្ន គោរពច្បាប់ ចរាចរណ៍ ឱ្យ បាន ខ្ជាប់ខ្ជួន មិនថានៅលើផ្លូវថ្នល់ប្រភេទណានោះទេ ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ 

សូមបញ្ជាក់ថា ៖ ទេសភាពតាមបណ្ដោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ​ ជាការទាក់ទាញ ភ្ញៀវជាតិ – អន្តរជាតិ ប្រកបដោយ សោភ័ណភាព ។ 

កម្ពុជាប្រកាន់យកនូវគោលនយោបាយបើកចំហរក្នុងការវិនិយោគលើគ្រប់វិស័យសម្រាប់វិនិយោគិនទាំងនៅក្នុងស្រុក និងបរទេស។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ដល់ព័ត៌មានជូនដល់វិនិយោគិនអំពីក្របខណ្ឌលើកទឹកចិត្តក្នុងការវិនិយោគលើវិស័យ និងសកម្មភាពអាទិភាព ព្រមទាំងសម្របសម្រួលកិច្ចការងារវិនិយោគដល់វិនិយោគិន ដោយសហការជាមួយក្រសួង-ស្ថាប័ននានា ដើម្បីសម្រេចបាននូវភាពរឹងមាំនៃវិស័យឯកជននៅកម្ពុជា។ ជាក់ស្ដែងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាហេដ្ឋារចនាសម្ព័ន្ធមួយរបស់វិនិយោគិន ដែលទទួលបានសិទ្ធវិនិយោគនៅកម្ពុជា និងកំពុងដើរតួនាទីយ៉ាងសំខាន់លើការតភ្ជាប់ការដឹកជញ្ជូន និងជួយជម្រុញសេដ្ឋកិច្ចកម្ពុជា ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print