ខេត្តព្រះសីហនុ៖ ចាប់ពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ នេះតទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នឹងដាក់ឱ្យប្រើប្រាស់មុខងារ«ទទួលសំបកកុងតឺន័រ ក្នុងកម្ម វិធីទូរសព្ទ PAS Mobile App របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណង់ដើម្បីចូលរួមក្នុងកិច្ចសម្របសម្រួលពាណិជ្ជកម្មក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក។
សេចក្តីជូនដំណឹងរបស់ កសស បានផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ឱ្យដឹងថា មុខងារ«ទទួលសំបកកុងតឺន័រ» ក្នុងកម្មវិធីទូរសព្ទ PAS Mobile App របស់ កសស នឹងដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងជម្រាបជូនដល់ក្រុម ហ៊ុននាវា ក្រុមហ៊ុនភ្នាក់ងារនាវា និងក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្តភ្នាក់ងារបំពេញ បែបបទទំនិញចេញ-ចូល កសស និងសាធារណជន ជ្រាបថា កសស បានអភិវឌ្ឍនូវមុខងារបន្ថែមមួយ ក្នុងកម្មវិធីទូរសព្ទ PAS Mobile App មានឈ្មោះថា «ទទួលសំបកកុងតឺន័រ» (Empty Container Receiving) ក្នុងគោលបំណងចូលរួមក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជា កាត់បន្ថយពេលវេលា និងសម្រួលដល់ការចុះឈ្មោះ កុងតឺន័រជាសំបក របស់អតិថិជន ដែលត្រៀមចូលទីលានកំពង់ផែ។
សេចក្តីជូនដំណឹងរបស់ កសស ចុះនៅថ្ងៃទី៤ ខែ តុលា ឆ្នាំ២០២៣ ឱ្យដឹងថា មុខងារនេះ អនុញ្ញាតឱ្យអ្នក ប្រើ ប្រាស់កំពង់ផែទាំងអស់ ប្រើប្រាស់ជាមធ្យោបាយក្នុងការចុះឈ្មោះកុងតឺន័រជាសំបករបស់ខ្លួនជាមុន ដើម្បីទទួលបាននូវ QR code សម្រាប់ការប្រើប្រាស់នៅពេលមក ដល់ មាត់ច្រកចូលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ដើម្បីអាចប្រើប្រាស់មុខងារ «ទទួលសំបកកុងតឺន័រ» ត្រូវទាញយក (Download) កម្មវិធី PAS Mobile App ពី App Store សម្រាប់ប្រព័ន្ធ ios និង Play Store សម្រាប់ប្រព័ន្ធ Android។
អ្នកនៅក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិក បានអបអរសាទរ ការដាក់ឱ្យប្រើប្រាស់មុខងារ ទទួលសំបកកុងតឺន័រ ក្នុងកម្មវិធីទូរសព្ទ PAS Mobile App របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា ប្រាប់សារព័ត៌មានក្នុងស្រុកថា តាមរយៈកម្មវិធី«ទទួលសំបកកុងតឺន័រ» នឹងជំរុញឱ្យវិស័យដឹកជញ្ជូនលឿនរហ័ស ដែលជាការធ្វើទំនើបកម្មមួយរបស់កំពង់ផែស្វ័យក្រុងព្រះសីហនុ។ លោក ជា ចាន់ដារ៉ា បន្តថា ប្រសិនបើ នៅក្នុងប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក នៅកម្ពុជា ត្រូវបានកំណែទម្រងពីការប្រើដោយដៃមកជាឌីជីថលគឺវាបង្ហាញថា មានការធ្វើទំនើបកម្មកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
លោកមានប្រសាសន៍ថា៖«ខ្ញុំយល់ឃើញថា ក្នុងវិស័យដឹកជញ្ជូននេះ នាថ្ងៃអនាគតតទៅ អាចធ្វើឱ្យមានពាក់ព័ន្ធនឹងការធ្វើទំនើបកម្មផ្សេងៗ ដើម្បីផ្តល់ភាពងាយស្រួល ដូចនេះ ឌីជីថល ត្រូវបានគេប្រើជាទូទៅនៅប្រទេសជិតខាង ដូចជា ប្រទេសផ្សេងៗ។ សម្រាប់កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ យើងក៏កំពុងធ្វើជាបន្តបន្ទាប់រហូតទាល់តែវិស័យដឹកជញ្ជូនយើងបានល្អប្រសើរដូចប្រទេសដទៃទៀត»។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) បានរកចំណូលប្រមាណ ១២៦ លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង ២៩ ភាគរយ បើធៀបនឹងឆ្នាំ២០២១។
ក្នុងនោះ កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ មានទំនិញឆ្លងកាត់ប្រមាណ ៥,៣ លានតោន ទទួលចំណូលចំនួន ៨៦លានដុល្លារ និងកំពង់ផែស្វយ័តភ្នំពេញ មានទំនិញឆ្លងកាត់ ៤,២ លានតោន រកចំណូល ៤០លានដុល្លារ។នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន៕ដោយ៖សុរិយា