ភ្នំពេញ៖ ទីភ្នាក់ងារសារព័ត៌មាន New York Post ដ៏ល្បីរបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជា ពិសេសតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលសុទ្ធតែជាគោលដៅវិស្សមកាលដ៏ពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទី។
New York Post ក៏បានពន្យល់អំពីកត្តា ឬហេតុផលជាច្រើនដែលគាំទ្រភាពពិសេសនៃគោលដៅទេសចរណ៍កម្ពុជា ក្នុងនោះមានទាំងភាពល្បីល្បាញនៃតំបន់បេតិកភណ្ឌអង្គរ សម្រស់វប្បធម៌និងធម្មជាតិ សោភ័ណភាពនៅតាមសហគមន៍ ភាពរួសរាយរាក់ទាក់របស់ប្រជាជន ភាពសមរម្យនៃតម្លៃសេវាកម្មទេសចរណ៍ អាកាសយានដ្ឋានអន្តរជាតិធំៗនិងការតភ្ជាប់ជើងហោះហើរជាមួយគោលដៅជាច្រើន ការផ្សព្វផ្សាយអំពីតំបន់បេតិកភណ្ឌពិភពលោកនាពេលថ្មីៗនេះ ឥទ្ធិពលភាពយន្តអន្តរជាតិជាដើម។
នៅដើមអត្ថបទ New York Post បានលើកឡើងនូវឥទ្ធិពលភាពយន្តហូលីវីដ Tomb Raider ដែលដឹកនាំដោយលោកស្រី Angelina Jolie ខណៈឈុតឆាកជាច្រើនត្រូវបានថតនៅក្នុងតំបន់អង្គរ និងត្រូវបានឆាកបញ្ចាំងយ៉ាងល្បីរន្ទឺទូទាំងពិភពលោកនាពេលកន្លងទៅ និងជារឿយៗមកដល់ពេលបច្ចុប្បន្ន។ អ្នកទស្សនាជុំវិញពិភពលោកបានស្គាល់រមណីយដ្ឋានអង្គរមិនតិចឡើយ តាមរយៈភាពយន្តអន្តរជាតិមួយនេះ។ ក្រៅពីនេះ New York Post ក៏បានលើកឡើងនូវឥទ្ធិពលវីដេអូឯកសារប្រវត្តិសាស្ត្ររបស់ទូរទស្សន៍អន្តរជាតិ National Geographic ស្ដីពីប្រាសាទអង្គរវត្ត ដែលនេះក៏ជួយផ្សព្វផ្សាយមិនតិចនោះដែរអំពីប្រាសាទអង្គរវត្តកម្ពុជា ក៏ដូចជារួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាដោយផ្ទាល់នៅប្រទេសកម្ពុជា។ New York Post បានសង្កត់ធ្ងន់ថា ភាពល្បីល្បាញរបស់ប្រាសាទអង្គរវត្ត គឺមិនចាញ់ពីរ៉ាមីតហ្គីហ្សា (Pyramids of Giza) របស់ប្រទេសអេហ្ស៉ីប និងអច្ឆរិយវត្ថុពិភពលោកដទៃឡើយ។ រូបភាពជាច្រើននៃព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ឬសមរាត្រី (Equinox) ត្រូវបានបង្ហោះផ្សព្វផ្សាយទៅគ្រប់ទិសទី។
សារព័ត៌មាន New York Post បានបំផុសឱ្យដឹងដែរថា ទឹកដីអង្គរនេះហើយដែលជាមជ្ឈមណ្ឌលដ៏ខ្លាំងក្លារបស់អតីតចក្រភពខ្មែរ។ ចក្រភពខ្មែរ គឺជាមហានគរដ៏ល្បីល្បាញមួយក្នុងប្រវត្តិសាស្ត្រអាស៉ី និងអាស៉ីអាគ្នេយ៍ ហើយដែលត្រូវបានស្នងមរតកដោយប្រទេសកម្ពុជាបច្ចុប្បន្ន។ ឥទ្ធិពលរបស់ប្រជាជាតិខ្មែរបានបន្សល់នូវមរតកវប្បធម៌ អរិយធម៌ដ៏ច្រើនក្រៃលែងសម្រាប់មនុស្សជាតិ តាមរយៈសំណង់ស្ថាបត្យកម្ម ទំនៀមទម្លាប់ ការអប់រំ ទស្សនវិជ្ជា សាសនា វប្បធម៌ សិល្បៈ ទឹកដីគ្របដណ្ដប់ធំធេងក្នុងតំបន់អាស៉ីអាគ្នេយ៍ដែនគោក។ ទាំងនេះក៏ជាអ្វីដែលភ្ញៀវទេសចរអន្តរជាតិគួរតែសិក្សាស្វែងយល់បន្ថែម ដ្បិតមានអ្នកប្រាជ្ញអន្តរជាតិជាច្រើនក៏បានសិក្សា ចងក្រងឯកសារ និងផ្សព្វផ្សាយអំពីកម្ពុជាច្រើនមកហើយដែរ។
នៅក្នុងតំបន់បេតិកភណ្ឌអង្គរ ក្រៅពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញនេះ ក៏នៅមានប្រាសាទបុរាណខ្មែរជាច្រើនអនេកទៀត ដែលភ្ញៀវទេសចរគួរដើរទស្សនា ដូចជា ប្រាសាទបាយ័ន្ត ប្រាសាទបាភួន ប្រាសាទបន្ទាយស្រី ប្រាសាទបាគង ប្រាសាទបេងមាលា បារាយណ៍ធំៗជាច្រើន ក្រុងអង្គរធំដែលបន្សល់នូវមរតកវប្បធម៌មិនអាចកាត់ថ្លៃបាន។ គួរជម្រាបថា នៅក្នុងរមណីយដ្ឋានអង្គរទាំងមូល គឺមានប្រាសាទនិងទីបុរាណដ្ឋានរាប់រយ ដែលសុទ្ធតែទីទស្សនាដ៏មានសារសំខាន់សម្រាប់ភ្ញៀវទេសចរ។
ក្រៅពីនេះទៀត ភ្ញៀវទេសចរអាចងាកទៅទស្សនានៅតំបន់បឹងទន្លេសាប ដែលនៅភាគខាងត្បូងក្រុងសៀមរាបបន្ដិច។ បឹងទន្លេសាបប្រៀបដូចជាបេះដូងនៃប្រទេសកម្ពុជា ដែលជាទីសម្បូរភោគផលជលផលនិងធម្មជាតិ ជាទីផ្ដល់នូវជីវិតសម្រាប់ប្រជាជនមួយចំនួនធំនៅប្រទេសកម្ពុជា។ នៅទីនោះភ្ញៀវទេសចរអាចទស្សនាសហគមន៍នៅលើទឹក ការប្រកបរបរប្រចាំថ្ងៃ ទស្សនាព្រៃលិចទឹក ភ្លក្សម្ហូបសហគមន៍ដែលធ្វើពីគ្រឿងផ្សំរកបាននៅទីនោះផ្ទាល់ រាក់ទាក់ស្និទ្ធស្នាលជាមួយប្រជាជន។ ពិសេសជាងនេះទៀត គឺការទស្សនាសត្វស្លាបចម្រុះប្រភេទ មានខ្លះជាប្រភេទកម្រនៅលើពិភពលោក និងការទស្សនាថ្ងៃរៀបលិចនៅលើផ្ទៃទន្លេ ឬមើលពីលើភ្នំក្រោមផងដែរ។
នៅពេលរាត្រី ភ្ញៀវទេសចរនឹងកម្សាន្តសប្បាយជាមួយទិដ្ឋភាពក្នុងទីក្រុងសៀមរាប មានផ្សាររាត្រី Pub Street ផ្សារទំនើប ការសម្ដែងសិល្បបុរាណខ្មែរ និងភោជនីយដ្ឋាននានាជាច្រើន។ ភ្ញៀវទេសចរក៏អាចស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប៉ុន្មានក៏បាន សេវាកម្មនានា រួមទាំងម្ហូបអាហារក៏មិនថ្លៃនោះទេនាអំឡុងពេលនេះ។ ថ្មីៗនេះ អាជីវករ ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបបានឯកភាពបញ្ចុះតម្លៃសេវាកម្មក្នុងវិស័យទេសចរណ៍រហូតដល់ ៥០% ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរ និងផ្ដល់នូវក្ដីទុកចិត្តជូនភ្ញៀវទេសចរដែលទៅដល់ទីក្រុងទេសចរណ៍មួយនេះ។ នៅកម្ពុជា ទីណាក៏មានស្នាមញញឹមដែរ ព្រោះប្រជាជនតែងតែរាក់ទាក់ចំពោះភ្ញៀវទេសចរ និយាយសួរសុខទុក្ខដូចមិត្តភក្តិ ឬសាច់ញាតិរបស់ខ្លួន និយាយរួមពេញប្រទេសពោរពេញដោយភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរ។
ក្រៅពីសៀមរាប-អង្គរ ប្រទេសកម្ពុជាក៏មានតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានរៀបចំទទួលភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ក្នុងនោះក្រុងព្រះសីហនុ កោះរ៉ុង កោះរ៉ុងសន្លឹម កោះសង្សារ ក្រុងកំពត ភ្នំបូកគោ ក្រុងកែប តំបន់ព្រៃកោងកាងនៅខេត្តកោះកុង និងតំបន់អេកូទេសចរណ៍ជាច្រើនទៀត គឺសុទ្ធតែគោលដៅទេសចរណ៍ដ៏ល្អនាភាគនិរតីប្រទេស។
រាជធានីភ្នំពេញបច្ចុប្បន្នកំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់ ភ្ញៀវទេសចរដែលចូលដល់រាជធានីនេះហើយ មិនអាចរំលងបាននូវការទស្សនាព្រះបរមរាជវាំង វត្តភ្នំ មាត់ទន្លេចតុមុខ សារមន្ទីរជាតិភ្នំពេញ ផ្សារធំថ្មី និងទីកម្សាន្តនាពេលថ្ងៃនិងពេលរាត្រីជាច្រើនទៀត។ ស្នាក់នៅសណ្ឋាគារលំដាប់ប្រណីតៗ ភ្លក្សហហ្មុក ឬក៏អាហារបស្ចិមប្រទេស គយគន់ទេសភាពទីក្រុងពីលើដំបូលអគារ។ ទីក្រុងភ្នំពេញមានភាពមមាញឹកខ្លាំង តែប្រជាជនរីករាយស្វាគមន៍ចំពោះភ្ញៀវទេសចរពីគ្រប់ទិសទី ពួកគេរាប់អានទេសចរអន្តរជាតិដូចជាមិត្តភក្តិទូទៅ។
ចំពោះការតភ្ជាប់ជើងហោះហើរវិញ គោលដៅអន្តរជាតិយ៉ាងច្រើនត្រូវបានភ្ជាប់ជាមួយគោលដៅកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិធំៗចំនួន៣ ភ្នំពេញ សៀមរាប និងព្រះសីហនុ ហើយក៏ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិថ្មីដ៏ធំមួយទៀតនាពេលឆាប់ៗនេះ គឺអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅខេត្តសៀមរាប ដើម្បីរួមចំណែកក្នុងការពង្រីកការដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិថែមទៀត។
ស្ថានភាពវិស័យទេសចរណ៍កម្ពុជាពេលនេះ គឺត្រូវការភ្ញៀវទេសចរឱ្យបានច្រើន ដើម្បីបម្រើសេវាកម្មជូនភ្ញៀវ និងទទួលបានចំណូលសម្រាប់ទ្រទ្រង់ជីវភាពអ្នកបម្រើការក្នុងវិស័យនេះបន្តទៅទៀត ដូច្នេះអ្វីទាំងអស់ត្រូវបានត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍វត្តមានភ្ញៀវទេសចរពីគ្រប់ទិសទី។
គួរជម្រាបថា កម្ពុជា រយៈពេល៨ខែឆ្នាំ២០២៣នេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៣.៥លាននាក់ កើនឡើង២៥០.៨ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ប៉ុន្តែប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ (គ្រាមុនជំងឺកូវីដ១៩) អត្រាមានការថយចុះ១៩.៧ភាគរយ ពោលគឺយើងទើបតែទទួលបានទេសចរអន្តរជាតិប្រមាណ៨០ភាគរយនៃកម្រិតមុនវិបត្តិ សម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ។ តាមការរំពឹងទុក កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ៤.៥លានទៅ៥លាននាក់ សម្រាប់ពេញមួយឆ្នាំ២០២៣នេះ៕ដោយ៖សហការី