ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២០៦ នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋសរុបចំនួន ១.២៥០នាក់ ស្មើនឹង ២.៣៤៣ ករណី ដែលក្នុងនោះរួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ។ ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវិទ្យាល័យច្បារអំពៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលសាលារាជធានីភ្នំពេញ, អាជ្ញាធរដែនដី, ក្រុមយុវជន ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនទៀត។
លោកស្រីបណ្ឌិត បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់លោកយាយលោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋជាប់ជាប្រចាំ ជាក់ស្តែង ក្នុងរយៈពេលជិត ១១ ឆ្នាំ មកនេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចូលរួមពិនិត្យ និងព្យាបាលអ្នកជំងឺសរុបចំនួន ៥០៥.៩១៤ នាក់, បញ្ជូនអ្នកជំងឺទៅព្យាបាលបន្តចំនួន ៧.៦៦១ នាក់ និងធ្វើការវះកាត់បេះដូងជូនអ្នកជំងឺបានចំនួន ៦៦ នាក់។ លោកស្រីបណ្ឌិត ក៏បាននាំមកជាមួយផងដែរនូវការប្តេជ្ញាចិត្តរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការបន្តជួយគាំទ្របេសកកម្មរបស់ TYDA ជាប្រចាំដរាបតទៅ ដើម្បីបន្តចូលរួមចំណែកផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋដល់មូលដ្ឋានដោយឥតគិតថ្លៃ ។
ជាចុងក្រោយ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលសាលារាជធានីភ្នំពេញ, អាជ្ញាធរដែនដី, ក្រុមយុវជន ព្រមទាំងក្រុមការងារពាក់ព័ទ្ធទាំងអស់ ដែលបានរួមសហការ សម្របសម្រួល ឱ្យការពិនិត្យ និងព្យាបាលនេះដំណើរការដោយរលូន ព្រមទាំងជូនពរសូមជួបតែសេចក្តីសុខ សេចក្តីចម្រើន នៅក្នុងឱកាសនៃថ្ងៃកាន់បិណ្ឌនេះ ៕