ភ្នំពេញ : នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាព ឯកឧត្តម្ភកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ចំនួន ១០១រូប។
បន្ទាប់ពីបានពិភាក្សាហើយនោះ រដ្ឋសភាបានអនុម័តជាឯកច្ឆ័នហើយចំពោះ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល។
សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមាន១១មាត្រា ដែលនឹងជំនួសច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តប្រទេសជាតិ ដែលកំពុងមានការរីកចម្រើននិងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រងផងដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិកនៃអង្គការ ICAO។
បន្ទាប់ពីអនុម័តដោយរដ្ឋសភា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីពិនិត្យ និងឱ្យយោបល់៕
ដោយ : សហការី