ខេត្តកោះកុង៖ រូបភាពបុរសម្នាក់ស្រែកទ្រហោយំ គ្រាន់តែនគរបាលខេត្តកោះកុង រើចេកទម្លាក់ដើម្បីកកាយរកឈើប្រណីត លាក់ក្នុងគំនរចេក ។ បុរសម្ចាស់ចេកអះអាងថា ក្នុងរថយន្តរបស់ខ្លួនគ្មានឈើប្រណីតកប់លាក់ដូចការសង្ស័យរបស់នគរបាលនោះឡើយ ។ ប៉ុន្តែនគរបាលហាក់ដូចប្រាកដប្រជាថា មានឈើលាក់ក្នុងគំនរចេកលើរថយន្តនោះ ទើបសម្រេចកាយចេកទម្លាក់ចុះពីលើរថយន្តដើម្បីរកឈើ ។
រូបភាពដែលបានចែកចាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គមបង្ហាញឲ្យឃើញថា នគរបាលបានធ្វើការយ៉ាងប្រុងប្រយ័ត្ន ប្រកបដោយភាពម៉ត់ចត់ក្នុងការបង្ក្រាបបទល្មើសឈើ ។ ប៉ុន្តែវាជាគ្រោះថ្នាក់ និងជាការខាតបង់របស់បុរស ដែលជាម្ចាស់ចេក ។ រឿងនេះបានកើតឡើងនៅឯស្នងការដ្ឋាននគរបាលខេត្តកោះកុង កាលពីសប្តាហ៍មុន ។ កាលពីចុងសប្តាហ៍មុន នគរបាលបានចាប់រថយន្តដឹកចេក១គ្រឿង ព្រោះតែសង្ស័យថា មានលាក់បង្កប់ឈើប្រណីតនៅក្នុងនោះ ។ ម្ចាស់រថយន្តបានច្រានចោលការសង្ស័យរបស់នគរបាល ហើយថា ប្រសិនបើ មានការរើចេកទម្លាក់ពីក្នុងរថយន្ត ប្រាកដណាស់ថា វានឹងធ្វើឲ្យលោកខាតបង់យ៉ាងហោចណាស់២ពាន់ដុល្លារ ។ យ៉ាងណាក្តី ដើម្បីជម្រះមន្ទិល នគរបាលបានសម្រេចរើចេកនោះ ដោយមិនឆ្លើយតបចំពោះការស្នើសុំប្រាក់២ពាន់ដុល្លារពីម្ចាស់ចេកនោះឡើយ ។
យោងតាមម្ចាស់ចេកបានឲ្យដឹងថា គាត់បានខ្ចីបុលលុយធនាគារដើម្បីរកស៊ីដឹកចេកយកទៅឲ្យម៉ូយនៅតាមបណ្តាខេត្តនានា ប៉ុន្តែត្រូវបាននគរបាលខេត្តកោះកុងស្ទាក់ចាប និងទាមទាររើចេករបស់គាត់ចេញពីរថយន្ត ដោយសង្ស័យថា ក្នុងរថយន្តនោះមានបង្កប់ឈើគ្រញូងនៅខាងក្នុង ។ ពេលនោះគាត់ជាម្ចាស់ចេកបាននិយាយថា ផ្លែចេកមិនដូចដំណាំដទៃទេ បើកាលណារើចេញហើយ វានឹងធ្វើឲ្យចេកខ្ទេចខូចជាំមិនអាចយកទៅលក់ទៀតបានទេ ។ បើចេកណាទុំ វាប្រាកដជាខូចរបេះជ្រុះមិនខានឡើយ ។
ក្រោយការនិយាយស្តាប់គ្នាមិនបាន នគរបាលសម្រេចរើចេកពីក្នុងរថយន្ត ប៉ុន្តែលទ្ធផលមិនឃើញឈើគ្រញូងមួយដុំឡើយ ។ ម្ចាស់ចេកនិយាយថា ឥឡូវនេះ ចេករបស់គាត់ខូចអស់ហើយ មិនមានម៉ូយឯណាយកចេករបស់គាត់ទៀតទេ ម្យ៉ាងទៀត ក៏ត្រូវខកថ្ងៃណាត់យកចេកឲ្យគេទៀត ។ ម្ចាស់ចេកស្នើឲ្យសមត្ថកិច្ចនគរបាលខេត្តកោះកុងទទួលខុសត្រូវក្នុងរឿងនេះ ។
លោក យឹម ផេង មិនអាចទាក់ទងសុំការបំភ្លឺបានទេ ។
នៅក្នុងបណ្តាញទំនាក់ទំនងសង្គមឯណេះវិញ គេបានផ្គុំរូបរថយន្តដឹកចេកជាមួយរថយន្តធំៗដឹកឈើប្រណីតចេញទៅក្រៅប្រទេស ។ វាជារូបភាពនៃការចំអកចំពោះសមត្ថកិច្ចខេត្តកោះកុង ដែលគេដឹងថា ក្នុងខេត្តនេះក៏មានបទល្មើសនៃការដឹកជញ្ជូនឈើចេញក្រៅប្រទេសតាមដែនសមុទ្រនោះដែរ ។ ប៉ុន្តែមិនដែលឃើញនគរបាលបង្ក្រាបករណីដឹកឈើ ឲ្យមានប្រសិទ្ធភាពដូចករណីបង្ក្រាបរថយន្តដឹកចេក នៅគ្រាដែលខ្លួនគ្រាន់តែសង្ស័យថាមានឈើ ធ្វើឲ្យម្ចាស់ចេកធ្លាក់ ខ្លួនក្ររហាម១ជីវិត ១គ្រួសារនោះឡើយ ។
ទិដ្ឋភាពបែបនេះ ញាំងឲ្យប្រជាពលរដ្ឋរិះគន់យ៉ាងខ្លាំងចំពោះសមត្ថកិច្ចខេត្តកោះកុង ។ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានផ្តល់ក្តីសង្ឃឹមថា ស្ថាប័នថ្នាក់ជាតិ គឺក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ នឹងពិនិត្យស្រាវជ្រាវរឿងនេះឡើងវិញ ហើយបង្ហាញលទ្ធផល ដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកលេងហ្វេសប៊ុកបានដឹង ៕
ដោយ៖ ហេង សូរិយា