ខេត្តកោះកុង៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance (WA) បានចេញមកបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានមួយចំនួនដោយចោទប្រកាន់ទៅលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ថាគម្រោងនេះបានរៀបចំ និងអនុវត្តដោយគ្មានការយល់ព្រមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានធ្វើការក្នុងតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញចាប់តាំងពីឆ្នាំ២០០០ មកម៉្លេះ។ ចន្លោះពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១២ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានជួយសម្រួលដល់ដំណើរការនៃការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួម ក្នុងឃុំចំនួន១៤ ស្ថិតនៅតំបន់ជួរភ្នំក្រវាញ។ ដំណើរការនៃការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួម ដែលបច្ចុប្បន្នហៅថា «ដំណើរការដើម្បីទទួលបានកិច្ចព្រមព្រៀងដោយសេរីជាមុន និងមានព័ត៌មានគ្រប់គ្រាន់» ដែលនៅអំឡុងពេលនោះ ដំណើរការនេះនៅមិនទាន់មានជាផ្លូវការនៅឡើយ។ ទន្ទឹមនឹងនេះ គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូងក៏មិនទាន់បានចាប់ផ្តើមនៅឡើយដែរ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបន្តថា ដំណើរការនៃការធ្វើផែនការប្រើប្រាស់ដីធ្លីដោយមានការចូលរួមទាំងមូល ត្រូវបានធ្វើឡើងដោយមានការពិគ្រោះយោបល់ និងមានការយល់ព្រមយ៉ាងពេញលេញ ពីជនជាតិដើមភាគតិច និងពីសហគមន៍មូលដ្ឋានក្នុងឃុំចំនួន១៤។
ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ ២០១៦ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានជួយសម្រួលដល់ការវាស់វែងក្បាលដីឯកជនចំនួន ១២,២៤៨កន្លែង ដែលអនុវត្តតាមបទបញ្ជាលេខ ០១បប រួមជាមួយនឹងក្រសួងរៀបចំដែនដី។
*ជាលទ្ធផលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៤ ៩៩៩ ប័ណ្ណត្រូវបានចេញជូន គិតត្រឹមខែមិថុនា ឆ្នាំ២០២៣។
*វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅសល់ចំនួន ៧ ២៤៩ ប័ណ្ណទៀតត្រូវបានរំពឹងថានឹងចេញជូន នៅឆ្នាំ២០២៤ ខាងមុខ។
*ទាក់ទងទៅនឹងជ្រលងភ្នំឆាយអារ៉ែង ទីតាំងគ្រោងសាងសង់ទំនប់វារីអគ្គិសនីដែលគេរំពឹងថានឹងជន់លិចភូមិចំនួន៦ ក្នុងចំណោមភូមិសរុបចំនួន ៨ នៅឆាយអារ៉ែង គឺមានតែភូមិចំនួន ២ ប៉ុណ្ណោះដែលត្រូវបានវាស់វែងដោយក្រសួងរៀបចំដែនដី ស្របតាមបទបញ្ជាលេខ ០១បប។
ក្រោយមកទៀត គម្រោងសាងសង់ទំនប់វារីអគ្គិសនីនោះត្រូវបានបោះបង់និងបញ្ឈប់នៅ ឆ្នាំ២០១៥ ហើយដំណើរការចុះបញ្ជីដីថ្មីត្រូវចាប់ផ្តើមក្នុងភូមិចំនួន៦ នៅឆាយអារ៉ែងនោះ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបញ្ជាក់ថា ថ្មីៗនេះ គឺកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានរៀបចំពិធីអបអរសាទរគម្រប់ខួបនៃការបង្កើតសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និងជនជាតិដើមភាគតិចជង។ នៅក្នុងពិធីដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់អាជ្ញាធរខេត្តកោះកុង រួមជាមួយនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃនេះ អាជ្ញាធរខេត្តបានប្រកាសថា ការចុះបញ្ជីដីធ្លីសម្រាប់ភូមិទាំង៦ នៅតំបន់ឆាយអារ៉ែងនឹងចាប់ផ្តើមជាផ្លូវការចាប់ពីខែមករា ឆ្នាំ២០២៤ គឺជាការប្រកាសដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានចូលរួមយ៉ាងសកម្មក្នុងការប្រាស្រ័យទាក់ទងជាមួយអង្គការមួយដែលកំពុងធ្វើការចោទប្រកាន់ទៅលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដោយផ្តល់នូវព័ត៌មានយ៉ាងលម្អិតឆ្លើយតបទៅនឹងការចោទរបស់ពួកគាត់។
ផ្អែកលើការចោទប្រកាន់ខាងលើនេះ វេរ៉ា (Verra) ដែលជាស្ថាប័នប្រើប្រាស់ស្តង់ដារអន្តរជាតិដើម្បីធ្វើការបញ្ជាក់លើគម្រោងរេដបូក បានបញ្ឈប់ការចេញវិញ្ញាបនបត្របញ្ជាក់កាបូន (VERs) ជូនគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង រហូតទាល់តែមានការរកឃើញទៅលើការត្រួតពិនិត្យគុណភាពស្របទៅតាមលក្ខខណ្ឌដែលគេពេញចិត្ត។ ការត្រួតពិនិត្យគុណភាពត្រូវបានបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ ហើយបានបន្សល់នូវសំណួរបច្ចេកទេសមួយចំនួនដែលត្រូវឆ្លើយតប។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជឿជាក់ថា ការស្រាវជ្រាវនឹងបង្ហាញថា គម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង គឺជាការផ្ដួចផ្ដើមគំនិតផ្នែកអភិរក្ស ប្រកបដោយទំនួលខុសត្រូវ និងប្រសិទ្ធភាព ដោយបានផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងសហគមន៍មូលដ្ឋាន។ ក៏បានស្នើសុំឱ្យការត្រួតពិនិត្យមានភាពគ្រប់ជ្រុងជ្រោយ ដោយសូមរួមបញ្ចូលទាំងផលវិជ្ជមានដែលគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង បានផ្តល់ជូនសហគមន៍និងព្រៃឈើផងដែរ។
បន្ថែមពីនេះអង្គការជឿជាក់យ៉ាងមុតមាំថា ស្របពេលដែលគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង កំពុងអភិរក្សព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍ក្នុងតំបន់ គម្រោងនេះក៏គាំទ្រឱ្យមានការគោរព និងការពារសិទ្ធិមនុស្សផងដែរ។
សរុបសេចក្តីមក ប្រជាពលរដ្ឋចំនួន ៣,៩៥៧គ្រួសារបានទទួលអត្ថប្រយោជន៍ដោយផ្ទាល់ពីគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង រួមមាន៖ អណ្តូងទឹកចំនួន ៩៤ កន្លែង ប្រព័ន្ធចែកចាយទឹកប្រវែង ៧,៨០០ម៉ែត្រ សាលារៀន ស្ពាន អាហារូបករណ៍ និង ៥០៩គ្រួសារទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។
*គ្រួសារចំនួន៣៣២ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីសហគមន៍អេកូទេសចរណ៍ជីផាត
*គ្រួសារចំនួន ១៥៦ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង
*គ្រួសារចំនួន ២៣ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីការលើកកម្ពស់វិស័យកសិកម្មនៅភូមិឆាយលូក
*គ្រួសារចំនួន ២៥៣ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីការលើកកម្ពស់វិស័យកសិកម្មនៅភូមិសុវណ្ណាបៃតង
*សិស្សអាហារូបករណ៍ពេញលេញសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ១៦រូប នៅទីក្រុងភ្នំពេញ
*អណ្តូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៩៤ កន្លែង
*សាលារៀនចំនួន ២ ខ្នង (សាង់សង់ផ្លូវថ្មីប្រវែង ១១ ០០០ម៉ែត្រ
*ជួសជុលផ្លូវប្រវែង ១៧,០០០ម៉ែត្រ
*ប្រព័ន្ធលូចំនួន ៣៤កន្លែង
*ស្ពានចំនួន ១ កន្លែង
*បង្គន់អនាម័យចំនួន ៧៧កន្លែង៕ដោយ៖សហការី