ភ្នំពេញ : នៅនាទីស្តីការក្រសួងបរិស្ថាន រសៀលថ្ងៃទី ១០ តុលា ឆ្នាំ២០២៣នេះ លោករដ្ឋមន្ត្រីបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកអគ្គរដ្ឋទូតនៃប្រទេសស្វីស។
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តី លោកPedro Zwahlen ឯកអគ្គរដ្ឋទូតស្វីសបានថ្លែងថា នឹងរួមចំណែកក្នុងការស្តារព្រៃឈើឡើងវិញជាមួយក្រសួងបរិស្ថាន ដើម្បីពង្រីកវិសាលភាពគម្របព្រៃឈើ ធានាបាននូវអព្យាក្រឹត្យកាបូន និងចូលរួមសម្រេចគោលដៅគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ នៃយុទ្ធសាស្ត្របញ្ចកោណ ។
លោករដ្ឋមន្ត្រី បានជម្រាប លោកឯកអគ្គរដ្ឋទូតស្វីស ថាក្រសួងបរិស្ថានបានប្រកាសបើក យុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម នៅថ្ងៃទី១០ តុលា ២០២៣ ដើម្បីធ្វើការស្តារគម្របព្រៃឈើ ដែលជាអាទិភាពទី២ របស់ក្រសួងបរិស្ថាន។
លោកឯកអគ្គរដ្ឋទូត បានធ្វើការគាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមចំណែកគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងធនធានធម្មជាតិដើម្បីឱ្យក្រសួងបរិស្ថានសម្រេចបាននូវភាពស្អាត បៃតង និងចីរភាពជូនកម្ពុជា៕ដោយ ស សម