សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតនិងប្រធានាធិបតីអ៉ីរ៉ង់ បានបើកកិច្ចសន្ទនាតាមទូរស័ព្ទពាក់ព័ន្ធនឹងសង្រ្គាមរវាងអ៉ីស្រាអែល និងម៉ាស ដែលនេះជាកិច្ចសន្ទនាលើកដំបូងបំផុតរវាងមេដឹកនាំនៃប្រទេសទាំង២ ចាប់តាំងពីបានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញកាលពី ខែមីនាមក។
ទីភ្នាក់ងារសារព័ត៌មាន AFP ផ្អែកលើការស្រង់សម្ដីពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអ៊ូឌីតSPA បានឱ្យដឹងទៀតថា ព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានទទួលការហៅទូរស័ព្ទកាលពីថ្ងៃពុធសប្ដាហ៍នេះ ពីប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី (Ebrahim Raisi) ហើយអំឡុងកិច្ចសន្ទនានោះ មេដឹកនាំទាំង២បានពិភាក្សាពីស្ថានការណ៍យោធាបច្ចុប្បន្នក្នុងតំបន់ហ្កាហ្សា និងបរិយាកាសនៅជុំវិញ។
SPA បន្ថែមថា ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន ប្រាប់ប្រាប់លោក រ៉ៃស៊ី ថាទីក្រុងរីយ៉ាដ កំពុងទំនាក់ទំនងជាមួយគ្រប់ភាគីអន្តរជាតិ និងក្នុងតំបន់ ដើម្បីបញ្ឈប់ជម្លោះដែលកំពុងកើនឡើង។ ព្រះអង្គក៏បានសង្កត់ធ្ងន់ផងដែរពីជំហរម៉ឺងម៉ាត់របស់អារ៉ាប៊ីសាអ៊ូឌីតចំពោះការគាំទ្រដល់បុព្វហេតុ ប៉ាឡេស្ទីន។ ចំណែក ខាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់វិញ ក៏បានរាយការណ៍ពីកិច្ចសន្ទនាតាមទូរស័ព្ទនេះដែរ ដោយបញ្ជាក់មេដឹកនាំនៃប្រទេស ទាំង២ បានជជែកពីភាពចាំបាច់ក្នុងការបិទបញ្ចប់ឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងប៉ាឡេស្ទីន។
អ៉ីរ៉ង់ត្រូវបានគេដឹងថាគឺជាអ្នកគាំទ្រទាំងហិរញ្ញវត្ថុ និងយោធាដល់ក្រុមហាម៉ាស ប៉ុន្តែទីក្រុងតេហេរ៉ង់បានអះអាងថាខ្លួនមិនមាន ជាប់ពាក់ព័ន្ធនឹងការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមហាម៉ាស លើអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននោះទេ៕
រូបថត: Vietnamnet.vn