ភ្នំពេញ : គុណឪពុកម្តាយធំធេងណាស់លើលោកសន្និវាសយើងនេះ ! យើងគ្រាន់តែលើកយ៉ាងខ្លីថា : ក្រៅពីមានគុណក្នុងការផ្តល់កំណើតឲ្យកូន ឪពុកម្តាយ នៅមានគុណមួយទៀតចំពោះកូន គឺការចិញ្ចឹមបីបាច់ ថែរក្សា មាសស្ងួន មិនអោយស្រមោចវារលើ ។ ពួកគាត់ មិនមែនគ្រាន់តែចិញ្ចឹមកូនឲ្យធំនោះទេ តែនៅខំបង្ហាត់បង្រៀនកូនឲ្យក្លាយជាមនុស្សល្អថែមទៀត និងប្រឹងបញ្ជូនកូនឲ្យទៅរៀន ដើម្បីមានចំណេះដឹង និងមានអនាគតភ្លឺស្វាង បើទោះបីជាពួកគាត់ ក្រីក្រឬលំបាកយ៉ាងណាក៏ដោយ។ ពេលកូនឈឺ កូនយំ ទឹកភ្នែកឪពុកម្តាយស្រក់មិនដឹងខ្លួន អាណិតកូនពេក លោកបានត្រឹមបន់ស្រន់ ឬស្មើដូរជីវិតខ្លួន ដើម្បីកូនមានអាយុប៉ុណ្ណោះ ។
ទោះជាកូនមានចំណេះដឹង មានការងារល្អហើយក៏ដោយ ក៏ឪពុកម្តាយ នៅតែគិតគូររកគូស្រករ និងរៀបចំគ្រួសារឲ្យកូនទៀត។ ឪពុកម្តាយ គិតពីកូនរហូត លុះត្រាតែពួកគាត់ រលត់ជីវិត។
គុណរបស់ឪពុកម្តាយ គ្មានអ្វីមកប្រៀបផ្ទឹមបានឡើយ «ធំជាងសមុទ្រ ធ្ងន់ជាងភ្នំ»។ ព្រះសម្មាសម្ពុទ្ធ ទ្រង់ឲ្យឈ្មោះឪពុកម្តាយ៤យ៉ាង គឺ ព្រះព្រហ្ម ទេវតាដើម គ្រូដើម និង ព្រះអរហន្ត។
ឈ្មោះថាព្រះព្រហ្ម ព្រោះលោក មានព្រហ្មវិហារធម៌ចំពោះកូន គឺ មេត្តា ករុណា មុទិតា ឧបេក្ខា។ ឈ្មោះថា ទេវតាដើម ព្រោះលោក ជាមនុស្សមុនគេ ដែលចិញ្ចឹមបីបាច់និងរក្សាកូន។ ឈ្មោះថា គ្រូដើម ព្រោះលោក ជាអ្នកបង្រៀនកូនមុនគេ ឲ្យចេះនិយាយ ចេះដើរ ចេះគោរពគេឯង និង មានសីលធម៌ សុជីវធម៌…។ ឈ្មោះថា ព្រះអរហន្ត ព្រោះលោក ជាបុគ្គលដែលកើតបុណ្យក្រៃលែងសម្រាប់កូន ដែលត្រូវគោរពបូជា។
បើនិយាយពីគុណ ព្រះបរមគ្រូ ទ្រង់សម្តែងថា ឪពុកម្តាយ មានគុណ៤យ៉ាង គឺ អនេកប្បការគុណ ជាគុណដែលច្រើនអនេកប្បការ អនន្តគុណ ជាគុណដែលរាប់មិនអស់ អប្បរិមាណគុណ ជាគុណដែលប្រមាណមិនបាន អសមគុណ ជាគុណដែលគ្មានអ្វីស្មើបាន។
ដូច្នេះ កុលបុត្រ កុលធីតា ត្រូវមានកតញ្ញូតាធម៌ចំពោះឪពុកម្តាយ ដោយមិនត្រូវបំភ្លេចគុណពួកគាត់ឡើយ។ ទោះជាមានឬក្រ ក្នុងនាមជាកូន ត្រូវ តបស្នងសងគុណពួកគាត់វិញ ហើយមិនត្រូវធ្វើទង្វើមិនគប្បី ចំពោះអ្នកមានគុណនោះទេ។
«ការធ្វើល្អចំពោះឪពុកម្តាយ គឺជាអំពើល្អបំផុត។ ការធ្វើអំពើអាក្រក់ចំពោះឪពុកម្តាយ គឺជាអំពើអាក្រក់បំផុត។ កូនកតញ្ញូ តែងរុងរឿង។ កូនអកតញ្ញូ តែងវិនាស»។
សូមចែករំលែក នូវពាក្យពេចន៍ខ្លះៗ ដើម្បី ពិចារណាតាមផ្លូវដ៏ល្អទាំងអស់គ្នា :
-(កុំតូចចិត្តនឹងខ្លួនឯងអី ដែលជីវិតរបស់យើងមិនដូចគេ យើងត្រូវចេះខំប្រឹងប្រែងលើកទឹកចិត្តខ្លួនឯងឲ្យច្រើន ទើបជីវិតយើងអាចបន្តទៅមុខបាន)។
-(ចូលធ្វើល្អឲ្យបានជារឿយៗ ច្រើនក៏ដោយតិចក៏ដោយ សំខាន់ឲ្យតែយើង ធ្វើចេញពីចិត្តនឹងសទ្ធាជ្រះថ្លា)។
-(សង្ឃឹមថាថ្ងៃស្អែក គ្រប់យ៉ាងនឹងល្អប្រសើរជាងថ្ងៃនេះ)។
-(ញញឹមដាក់មនុស្ស ដែលស្អប់យើងវាគឺជារឿងដែលពិបាក តែបើអ្នកធ្វើបានគឺល្អបំផុត)។
-(ធ្វើល្អដាក់គ្នាឲ្យបានច្រើនទៅ ទាន់នៅមានពេលមើលមុខគ្នា កុំឲ្យហួសពេល ទើបស្តាយក្រោយនោះ)។
-(កុំចូលចិត្ត យករឿងពិបាកចិត្តមកគិតច្រើនពេក ព្រោះវាធ្វើឲ្យអ្នកកាន់តែស្មុគស្មាញ លើសដើមវិញនោះទេ)។
-(ឈប់គិតនូវអ្វី ដែលធ្វើឲ្យអ្នកឈឺចាប់ទៀតទៅ អ្នកគួរតែអាណិតអាសូរដល់ចិត្តរបស់អ្នកខ្លះផង)។
-(បើគេមើលងាយ យើងត្រូវចេះលើកទឹកចិត្តខ្លួនឯង តែបើគេស្អប់យើងវិញ យើងត្រូវស្រឡាញ់ ខ្លួនឯងឲ្យបានច្រើន)។
-(អ្នកត្រូវចងចាំថា ការធ្វើនូវអំពើល្អគឺនាំឲ្យយើងបានជួបតែ មនុស្សល្អ និងរឿងល្អៗ)។
-(បើកចិត្តឲ្យទូលាយខ្លះទៅ ទើបចិត្តរបស់យើងអាចដាក់មនុស្សល្អៗ នឹងរឿងល្អៗបានច្រើន)។
-(ជីវិតយើងមិនអាចល្អរហូតទ ជួបសុខខ្លះទុក្ខខ្លះ ត្រូវតែចេះប្រឈមមុខ ទទួលយកឲ្យបាន)។
-(កុំខ្លាចបាត់បង់ នរណាម្នាក់ដែលមិនចេះផ្តល់ តម្លៃឲ្យយើង)។
-(បើគេមិនពេញចិត្តយើង ទោះបីជាយើងខំធ្វើល្អដាក់គេមួយរយដង ក៏គេមើលរំលងយើងដែរ)។
-(ខំធ្វើល្អឲ្យបានច្រើនទៅ ព្រោះថាអំពើល្អមិនដែលភ្លេចម្ចាស់នោះទេ)។
-(ដប់ឆ្នាំមានមិនច្រើនដងទ ដូច្នេះហើយត្រូវចេះឲ្យតម្លៃនូវទង្វើល្អៗដែលគ្នាមាន ទើបយើងរស់នៅជាមួយគ្នាមានក្តីសុខ)។
-(អំពើល្អរបស់យើង ទោះគ្មានអ្នកណាគដឹង យើងដឹងខ្លួនឯងទៅបានហើយ)។
-(ទោះខឹងគេខ្លាំងយ៉ាងណាក៏ដោយ ក៏ត្រូវចេះរម្ងាប់ចិត្ត ហើយរៀនស្តាប់ហេតុផលផង ទើបគ្មានពាក្យសោកស្តាយទៅថ្ងៃមុខ)។
-(ពេលដែលលំបាកបំផុត ត្រូវចាំថា អ្នកដែលអាចជួយយើងបានមុនគេនោះ គឺយើងខ្លួនឯងនេះហើយ)។
-(ជីវិតមនុស្សពិតជាខ្លីណាស់ មុននឹងក្រោយគង់តែស្លាប់អ្វីដែលអាចយកទៅបាន គឺមានតែបុណ្យនិងបាបប៉ុណ្ណោះ ដូច្នេះហើយធ្វើល្អដាក់គ្នាឲ្យបានច្រើនទៅ)។
-(ចង់ឲ្យចិត្តបានស្ងប់ ទាល់តែយើងត្រូវបញ្ឈប់ចិត្តចង់ឃើញចង់ដឹងចង់ឮ នៅរឿងអ្នកណាទាំងអស់)។
-(ទប់កំហឹងតែបន្តិច អ្នកនឹងរស់នៅជាមួយសេចក្តីសុខ បានយូរអង្វែង)។
សូមជម្រាបថា : ការលើកឡើងខាងលើ ត្រូវបានច្នៃប្រឌិតផង ដកស្រង់ទឹ្រស្តីល្អៗរបស់បញ្ញាវ័ន្តផង និងការទូន្មានពីចាស់ព្រឹទ្ធាចារ្យផង ៕
ដោយ : សុខ ខេមរា