ខេត្តត្បូងឃ្មុំ ៖ «លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តអម្ពិលារាម(វត្តអំពិលតាពក)និងវត្តព្រះធាតុបាស្រី (វត្តព្រះធាតុ) ក្នុងស្រុកអូររំាងឳ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា ៖ ការរៀបចំពិធីសាសនាប្រពៃណីជាតិនេះឡើង គឺដេីម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងក្រុមគ្រួសារបរិស្ថាន ដែលបានលះបង់ពលីកម្លាំងកាយ កម្លាំងចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានចែកឋានទៅកាន់លោកខាងមុខ សូមបានទទួលនូវមនុញ្ញផលកុំបីឃ្លៀងឃ្លាតឡើយ ។ កម្លាំងបុណ្យដែលកើតពីសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងបរិស្ថាននេះ សូមចែករំលែកជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបឱ្យរួចចាកផុតពីឧបទ្រពចង្រៃទាំងពួងផងទាំងឡាយ ហើយទទួលបាននូវពុទ្ធពរ ៥ប្រការ គឺអាយុ វណ្ណ: សុខ: ពល: និងប្រតិភាណ ។
សូមរម្លឹកជូនថា ពិធីបុណ្យភ្ជុំបិណ្ឌប្រព្រឹត្តតាមទំនៀម២ គឺទី១ ទំនៀមព្រះពុទ្ធសាសនា និងទំនៀមទី២ គឺតាមអ្នកស្រុក ជាទម្លាប់តរៀងមក ឱ្យតែដល់រនោចនៃខែភទ្របទ ដែលស្ថិតនៅក្រោមផ្ទៃមេឃពោរពេញទៅដោយពពក ទឹកពេញអាកាស បណ្តាលភាពស្រអាប់ ក្នុងរាត្រីគ្មានពន្លឺព្រះចន្ទ និងភ្លៀងរលឹមជាប្រចាំផង អ្នកស្រុកគេមានជំនឿថា ស្តេចមច្ចុរាជ បានដោះលែងសត្វនរកប្រេតឱ្យមករក ញាតិមិត្ត និងកូនចៅ ដើម្បីទទួលយកនូវកុសលផលបុណ្យ តែបើសត្វប្រេតនរកទាំងនោះរក៧វត្តហើយពុំឃើញ និងពុំមានសាច់ញាតិណាឧទ្ទិសផលបុណ្យទេ ពួកប្រេតទាំងនោះនឹងយំសោកសង្រេងជាក់ជាមិនខាន ។ ប៉ុន្តែបើយោងតាមព្រះពុទ្ធសាសនាវិញបានអោយដឹងដែរថា កាលនោះមានព្រះពុទ្ធមួយព្រះអង្គ ព្រះនាម ហោសសក្ត័ ជាក្សត្រដែលបានត្រាស់ដឹង ខណ:នោះព្រះអនុជទាំង៣ព្រះអង្គ ក៏មានសទ្ធាជ្រះថ្លាចង់ធើ្វទានជាមួយម្ចាស់បង ក៏ប៉ុន្តែ ព្រះមហាក្សត្រជាព្រះបិតា ព្រះនាមមហិទរាជថា ធ្វើទានអស់ចិត្តយើងសិនចាំឯងធ្វើ ។ លុះដល់ថ្ងៃក្រោយមកស្រុកកើតកលិយុគតាមជាយដែនត្រូវបញ្ជូនព្រះអង្គទាំងបីរូបទៅបង្រ្គាបជនឈ្លានពាននៅជាយដែន តែដោយសារសទ្ធាជ្រះថ្លាបានជួយទ្រង់ទាំង៣ប្រកបដោយជោគជ័យ និងសម្រេចគ្រប់ភារកិច្ច ត្រលប់មកវិញជួបព្រះមាតា បិតា ដោយសេចក្តីរីករាយត្រេកអរ ហើយចាប់តាំងពីពេលនោះមក ព្រះបិតាក៏អនុញ្ញាតឱ្យបុត្រទាំង៣ព្រះអង្គធ្វើទាន រក្សាសីលតទៅ ៕»