រដ្ឋមន្ត្រីអាកាសចរស៉ីវិល៖​ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលយន្តហោះលំដាប់ប្រភេទធុនធំកម្រិតឆ្លងទ្វីប 4E,4F និងAirbus 350, Boeing 787

ចែករំលែក៖

ខេត្តសៀមរាប៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា៖ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) មិនត្រឹមតែគិតលើតម្រូវការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្តង់ដាអន្តរជាតិ លំដាប់ប្រភេទ ៤អ៉ី (4E) និងតម្រូវការ ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយានប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ជាដើម និង សម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ (Long Haul Flights)។​ ការថ្លែងបែបនេះ​របស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសអញ្ជើញ ក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

លោករដ្ឋមន្ត្រីអាកាសចរស៉ីវិល​ បានគូសបញ្ជាក់ទៀតថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី)នេះ មានសមត្ថភាព ទទួលអាកាសយានចំនួន៣៨ ចំណត, ទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងឆ្នាំ២០២៤ និង ១២លាននាក់ក្នុងឆ្នាំ២០៤០ ខាងមុខ, អាចផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០,០០០តោនក្នុងឆ្នាំ ២០២៤ និង ២៦,០០០តោនក្នុងឆ្នាំ២០៤០ខាងមុខ ហើយគ្រោងទទួលជើងហោះហើរបានចំនួន ៦៥០០០ជើង ក្នុងឆ្នាំ២០២៤ និង១១២ ០០០ជើង នៅក្នុងឆ្នាំ២០២៤ តាមការព្យាការណ៍ទុក។

ជាមួយគ្នានេះ​ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ក៏បានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (Angkor International Airport Investment Cambodia Co., Ltd. /AIAI) ដែលបានវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះឡើង ប្រកបដោយជោគជ័យ ទោះបីជាមានការពន្យារពេលនៃដំណើរការសាងសង់នាអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ក្តី និងសូមកោតសរសើរចំពោះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំបំពេញកិច្ចការរបស់ខ្លួន ក្នុងការគាំទ្រដល់កិច្ចដំណើរការសាងសង់ ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានថ្លែង​បន្តថា​ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគដល់ទៅ ១,១០០លានដុល្លារ ផ្តើមចេញសុទ្ធសាធពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ហើយគោលនយោបាយនេះ កំពុងបន្តពូនផ្តុំ និងថែទាំដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

...

បន្ថែមពីនេះលោកឧបនាយករដ្ឋមន្ដ្រី បានចាក់ទុកថា ការបើកឲ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាការបើកទំព័រថ្មីមួយកម្ពុជា ក្នុងការលើកស្ទួយ ការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print