ភ្នំពេញ៖ លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឲ្យគណៈប្រតិភូ សិស្សានុសិស្សសាលាអន្តរជាតិហ្សាម៉ាន់ ចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូនអំពីលទ្ធផលការប្រកួតកម្មវិធី Genius Olympiad ឆ្នាំ២០១៦ ដែលបានប្រព្រឹត្តទៅកាលពីខែមិថុនា នៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីបណ្តាប្រទេសចំនួន៦៥។
លោករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យគណៈប្រតិភូ សិស្សានុសិស្សសាលាអន្តរជាតិហ្សាម៉ាន់ ចូលជួបសម្ដែងការគួរសមចូលជួបសម្ដែងការគួរសម ធ្វើឡើងកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ ហើយជាលទ្ធផល សិស្សានុសិស្សកម្ពុជា ទទួលបានមេដាយមាសចំនួន ០៤គ្រឿង មេដាយប្រាក់ចំនួន ០៤គ្រឿង និងមេដាយសំរឹទ្ធចំនួន ១០គ្រឿង។
ថ្លែងក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះគណៈគ្រប់គ្រង និងប្អូនៗសិស្សានុសិស្ស ដែលបានខិតខំរៀនសូត្រ រហូតដល់បានទទួលបានជ័យលាភីជូនប្រទេសជាតិ៕
ដោយ៖ សីលា