ក្នុងពេលឆាប់ៗ នេះប្រធានាធិបតីពូទីនបំពេញទស្សនកិច្ចវៀតណាម

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានទទួលយកការអញ្ជើញពីសមភាគីវៀតណាម ដើម្បីបំពេញទស្សនកិច្ចក្នុងពេលឆាប់ៗខាងមុខ ទៅកាន់ប្រទេសវៀតណាម ស្របពេលមេដឹកនាំទាំងពីរ បានជួបគ្នាកាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅក្រៅវេទិកាខ្សែក្រវាត់និងផ្លូវ ដែលប្រារព្ធឡើងនៅទីក្រុងប៉េកាំងនៃប្រទេសចិន។

វៀតណាមបានបន្តជាដៃគូដ៏ជិតស្និទ្ធបំផុតមួយរបស់រុស្ស៉ីនៅអាស៉ី។ ចំណងទាក់ទងរវាងប្រទេសទាំងពីរ ត្រូវបានអភិវឌ្ឍឡើងតាំងពីអំលុងសម័យសូវៀតមកម្ល៉េះ ហើយទីក្រុងហាណូយ គឺជាអតិថិជនធំមួយនៃសព្វាវុធរបស់រុស្ស៉ី។ យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Vietnam News Agency ប្រធានាធិបតីវៀតណាម លោក Vo Van Thuong បានអញ្ជើញលោក ពូទីន ឱ្យបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ក្នុងពេលឆាប់ៗ ហើយលោក ពូទីន បានទទួលយកការអញ្ជើញនោះ ដោយក្តីរីករាយ។
គួរបញ្ជាក់ថា លោក Thuong និងលោក ពូទីន បានជួបគ្នាកាលពីថ្ងៃអង្គារ ជាថ្ងៃដំបូងនៃវេទិកាខ្សែក្រវាត់និងផ្លូវនៅទីក្រុងប៉េកាំង ជាទីដែលតំណាងមកពីជាង១៣០ប្រទេស បានមកជួបជុំគ្នាដើម្បីស្តាប់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បកស្រាយអំពីចក្ខុវិស័យរបស់លោក សម្រាប់ដំណាក់កាលបន្ទាប់ទៀត នៅក្នុងគម្រោងកសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មសកលមួយនេះ ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីចិនផ្ទាល់។
ដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង គឺជាទស្សនកិច្ចក្រៅប្រទេសលើកទី២ហើយរបស់លោក ពូទីន គិតចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក កាលពីខែមីនា ពាក់ព័ន្ធការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ កាលពីសប្តាហ៍មុន លោក ពូទីន ទើបតែបានទៅបំពេញទស្សនកិច្ចនៅប្រទេសកៀហ្ស៉ីស៉ីស្ថាន ដែលជាអតីតសាធារណរដ្ឋសូវៀត។ ដូចចិននិងកៀហ្ស៉ីស៉ីស្ថានដែរ គឺវៀតណាមមិនមែនជាសមាជិករបស់តុលាការ ICC នោះទេ៕

...

រូប​ថត​: TTXVN -VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print