ភ្នំពេញ៖ មន្រ្តីជំនាញសាខា ក.ប.ប.រាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋាន មន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ និងគណៈកម្មាធិការផ្សារដើមគរ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ដោយបាននាំយករថយន្តពិសោធន៍ ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទំនិញម្ហូបអាហារ និងដកយកសំណាកគំរូជាក់ស្តែង បានចំនួន៣០ រួមមាន បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុកផ្អក ស្លឹកគ្រៃហាន់ ខ្ញីហាន់ សរសៃគុយទាវ មី តៅហ៊ូ ពោះគោ ជាដើម ដើម្បីយកមកវិភាគ នៅក្នុងរថយន្តពិសោធន៍ចល័ត។
ក្នុងប្រតិបត្តិការការចុះត្រួតពិនិត្យខាងលេីនេះ ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងតាមការណែនាំរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.”ស្តីពីការអនុវត្តយុទ្ធនាការ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ពិសេសម្ហូបអាហារ នៅតាមបណ្តាទីផ្សារ នានាក្នុងក្របខណ្ឌទូទាំងប្រទេស។
ក្រោយពីត្រួតពិនិត្យ វិភាគសំណាកគម្រូ ជាលទ្ធផលពុំបានរកឃើញវត្តមាន សារធាតុគីមីហាមឃាត់ ក្នុងគម្រូទាំងនោះទេ។ ជាមួយនោះ បានធ្វើការត្រួត ពិនិត្យអនុលោមភាព លើផលិតផលវេចខ្ចប់ស្រាប់ ដើម្បីការពារសុខមាលភាព អ្នកប្រើប្រាស់ជៀសវាងភាព មិនប្រក្រតីកើតឡើង ជាយថាហេតុ។
នាឱកាសនោះដែរ ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ លោក ហេង មាលី បានពន្យល់ អប់រំ ណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមាន ឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំអោយមានការដាក់លាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផល ម្ហូបអាហារ នាំឲ្យប៉ះពាល់ ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ ផលិតផលទំនិញ ឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ ដែលជាសារធាតុគីមី និង ម្ហូបអាហារ ការដាក់តាំងលក់ ផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃ និងចេះពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៍បានអញ្ជើញអាជីវករ ចំនួន២៣នាក់ ដែលប្រកបអាជីវកម្មក្នុងផ្សារ ដើមគរ ដែលតាំងលក់ផលិតផល គីមី មកស្តាប់ការធ្វើបទបង្ហាញ និង ផ្សព្វផ្សាយខ្លឹមសារ ប្រកាសស្តីពីលក្ខខណ្ឌតម្រូវ នៃការដាក់ស្លាកសញ្ញា សម្រាប់ផលិតផល គីមីប្រើប្រាស់តាមគេហដ្ឋាន លេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀប ការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផល ប្រយោជន៍អ្នកប្រើប្រាស់។ សូមបញ្ជាក់ថាផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន សំដៅដល់សារធាតុគីមី ឬផលិតផលគីមី ដែលមានលក្ខណៈជាផលិតផលសម្រេច ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ហើយត្រូវបានប្រើប្រាស់ ជាសារធាតុជំនួសសម្រាប់គោលបំណងផ្សេងៗ នៃជីវភាពរស់នៅធម្មតា មាន ដូចជា ការប្រើប្រាស់នៅតាមផ្ទះ រោងជាង ប្រើប្រាស់ក្នុងសួន ឬកន្លែងផ្តល់សេវាសាធារណៈផ្សេងៗទៀត ។
លោកបានថ្លែងថា វិស័យម្ហូបអាហារ ត្រូវបានកើនឡើង ទៅតាមកំណើនប្រជាពលរដ្ឋ តែក៏ត្រូវប្រុងប្រយ័ត្ន នូវម្ហូបអាហារ ដែលមិនមាន អនុលោមភាព សម្រាប់សុខភាព របស់ប្រជាពលរដ្ឋផងដែរ។
ក្នុងកិច្ចត្រួតពិនិត្យខាងលើនេះគេឃើញ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនូវទឹកចិត្តរីករាយសាទរ និងគាំទ្រ ចំពោះសកម្មភាព របស់មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ ដើម្បីការពារសុខមាលភាព និងការពារផលប្រយោជន៍ សេដ្ឋកិច្ចរបស់ពួកគាត់ផងដែរ និងបានសំណូមពរឱ្យសមត្ថកិច្ចពាក់ព័ន្ធនឹងការត្រួតពិនិត្យម្ហូបអាហារ ជួយទប់ស្តាត់ទំនិញខូចគុណភាព ឬមិនមានបទប្បញ្ញត្តិបច្ចេកទេស នាំចូលមកដែលអាច ប៉ះពាល់ជាយថាហេតុ ដល់សុខភាពយើងទាំងអស់គ្នា៕ដោយ៖សហការី