ភ្នំពេញ៖ លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល នាថ្ងៃពុធ ៤ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារមន្ទីរ និងស្រុក បានចុះពិនិត្យមើលជំនន់ទឹកភ្លៀងនៅភូមិអន្លង់ព្រីង ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជាមួយគ្នានេះ រសៀលថ្ងៃដដែលនេះ លោក ហាក់ សុកមករា អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តកណ្តាល, ប្រធានមន្ទីរ និងសហការីខេត្ត បានចុះតាមដាន និងពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅទំនប់៧មករា, ប្រឡាយលេខ៩៤ និងលេខ៩៦ផងដែរ។
សូមជម្រាបថា លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធាន និងឧតុនិយម បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី១៧ ខែតុលាម្សិលមិញនេះថា៖ ទឹកស្ទឹងព្រែកត្នោត ពុំទាន់មានអ្វីជាបញ្ហាទេ។ ទឹកនៅផ្នែកខាងលើ មិនមានការកើន ឡើងទេ។
ទ្វារទឹករលាំងជ្រៃ ដែលបានបើកចំនួន ៥ ទ្វារ មានធារទឹក ប្រមាណ ៣០០- ៣៥០ ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី ក៏មិនចោទជាបញ្ហា ដល់ការដោះទឹក នៅផ្នែកខាង ក្រោមទេ។ ស្ទឹងព្រែកត្នោត ផ្នែកខាងក្រោមផ្លូវជាតិលេខ ៣ មានលទ្ធភាពដោះទឹក ប្រមាណ ៩០០ ម៉ែត្រត្រីគុណ ក្នុងមួយវិនាទី ។
គួរបញ្ជាក់ថា ស្ថានភាពទឹកនៅស្ថានីយជលសាស្ត្រពាមឃ្លៃ មានកម្ពស់ ៦,៤៥ ម៉ែត្រ ខ្ពស់ជាងពី ពេលថ្ងៃត្រង់ ០,២៣ ម៉ែត្រ កម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ។ នៅទ្វារទឹករលាំងជ្រៃ ទឹកមានកម្ពស់ ៧,៤៦ ម៉ែត្រ ទាបជាងកាលពីពេលព្រឹក ០,១០ ម៉ែត្រ។ បើកមួយទ្វារកម្ពស់ ២,៥០ ម៉ែត្រ ពីរទ្វារកម្ពស់ ២ ម៉ែត្រ និងពីរទ្វារកម្ពស់ ១,៥០ ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៧,៥០ ម៉ែត្រ ៕ដោយ៖សហការី