ភ្នំពេញ៖ ក្រោយពីមានការរិះគន់អំពីការនាំចូលសាច់បង្កកដែលធ្វើឲ្យប៉ះពាល់ដល់អ្នកបរិភោគ ក៏ដូចជា អ្នកចិញ្ចឹកជ្រូកបង្ហោះសារពាក់ព័ន្ធករណីនាំចូលសាច់បង្កក ជាពិសេសសាច់ជ្រូកបង្កកខុសច្បាប់មកពីក្រៅប្រទេស ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវឲ្យពលរដ្ឋនិងអ្នកពាក់ព័ន្ធនានាសូមប្រញាប់រាយការណ៍ ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន និងក្រុមសមត្ថកិច្ចឲ្យចុះបង្រ្កាប ករណីឃើញការនាំចូល ចែកចាយលក់សាច់ សត្វបង្កកខុសច្បាប់ នៅតាមទីផ្សារកម្ពុជា។
សមាគមអ្នកចិញ្ចឹមជ្រូករអ៊ូរទាំថា ដោយសារមាននាំចូលសាច់បង្កក ទើបជាហេតុនាំឲ្យតម្លៃសាច់ជ្រូកក្នុងស្រុកចុះថោក។ គេថា ការនាំសាច់បង្កកចូលក្នុងប្រទេស នៅ តែមានជាហូរហែហើយជាពិសេស សាច់បង្កកដែលគ្មានគុណភាពទាំងនេះត្រូវបាននាំចូលមកក្នុងប្រទេសតាមច្រកព្រំដែនប្រទេសជិតខាង។ បញ្ហានេះបានកើតឡើងយូរមកហើយ ហើយមកដល់ពេលនេះ នៅតែជាកង្វល់សម្រាប់អ្នកចិញ្ចឹមសត្វក្នុងស្រុក។
លោកស្រី អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទថ្លែងនៅថ្ងៃទី១៩ខែតុលានេះថា ជាក់ស្តែងកម្ពុជាយើងគឺបានប្រកាសមិនឲ្យនាំចូលសាច់ជ្រូកបង្កកនិងសាច់សត្វបង្កកនានាទៀត តាំងពីយូរមកហើយ យកមកលក់តាមទីផ្សារនោះទេ បើពលរដ្ឋនិងភាគីពាក់ព័ន្ធណាបានឃើញមានការនាំចូលចែក ចាយលក់សាច់ជ្រូកបង្កក សាច់សត្វបង្កកខុសច្បាប់ គឺសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងក្រុមសមត្ថកិច្ចដែលនៅជិតខ្លួន ដើម្បីឲ្យចុះបង្ក្រាបឲ្យបានទាន់ពេលវេលា។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទេថ្លែងថា ជាក់ស្តែងការងារបច្ចុប្បន្ន មន្ត្រីអនុវត្តច្បាប់ របស់ក្រសួងកសិកម្ម តែងតែធ្វើកិច្ច សហការជាមួយមន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំហៅកាត់ថា ក.ប.ប និងមន្ត្រីអនុវត្តច្បាប់មកពីគ្រប់ស្ថាប័នពាក់ព័ន្ធ ចុះទប់ស្កាត់ បង្ក្រាបការនាំចូលនិងការចែកចាយលក់សាច់ជ្រូកបង្កក និងសាច់សត្វបង្កកខុសច្បាប់នានាទៀត នៅតាមទីផ្សាររៀងរាល់ថ្ងៃ ខណៈការងារនេះ ក្រសួងកសិកម្ម តែម្នាក់ ឯង មិនអាចទប់ស្កាត់អស់នោះទេ។
លោកអគ្គនាយកបានឲ្យដឹងដែរថា បច្ចុប្បន្នយើងមានតម្រូវការនាំចូលសាច់ជ្រូក សាច់សត្វស្រស់ពីក្រៅ ប្រទេសមានចំនួនតិចតួចបំផុត ដើម្បីបង្គ្រប់ទីផ្សារក្នុងស្រុក ខណៈសាច់សត្វក្នុងស្រុក គឺយើងមានលទ្ធផលផលិតផ្គត់ផ្គង់បានគ្រប់គ្រាន់ ហើយសម្រាប់សាច់ជ្រូកវិញគឺមិនមានការនាំចូលតាំងពីចុងឆ្នាំ២០២១មកម្លេះ។
បើតាមមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត របស់ក្រសួងកសិកម្ម ការចុះបង្ក្រាបសាច់ជ្រូកបង្កកខុសច្បាប់គឺចុះធ្វើរៀង រាល់ថ្ងៃ តែទោះយ៉ាងណា ក៏ស្នើសុំមន្ត្រីប្រចាំការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិនានា សូមពង្រឹងការទប់ស្កាត់ បង្ក្រាបកុំឲ្យមានការនាំចូល ហើយក៏ត្រូវពិនិត្យគុណភាពសាច់បង្កកនោះឲ្យបានត្រឹមត្រូវ បើទោះសាច់បង្កកនោះមានការផ្តល់ច្បាប់អនុញ្ញាតនាំចូលតាមសំណើរសុំរបស់ក្រុមហ៊ុនឯកជនក៏ដោយ៕ដោយ៖សុរិយា