សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាក្រុមហាម៉ាស និងរុស្ស៉ី មានគោលដៅរួម នោះគឺបំផ្លាញប្រជាធិបតេយ្យ ជាមួយ ការអំពាវនាវកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែន និងអ៉ីស្រាអែលដែលលោកផ្ទាល់អះអាងថាមានសារៈសំខាន់បំផុតចំពោះផលប្រយោជន៍អាមេរិក។
ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន ធ្វើឡើងក្នុងសុន្ទរកថាដ៏កម្រមួយទៅកាន់ប្រជាជាតិអាមេរិក ចេញពីសេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ហាម៉ាស និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បង្កការគំរាមកំហែងផ្សេងពីគ្នា ប៉ុន្តែ ពួកគេមានគោលដៅរួម នោះគឺពួកគេទាំង២ ចង់បំផ្លាញអ្នកជិតខាងប្រជាជាធិបតេយ្យរបស់ពួកគេទាំងស្រុង»។
លោក ចូ បៃដិន ក៏បានអះអាងផងដែរថាលោកនឹងស្នើឱ្យសភាទាំង២របស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ ឱ្យអនុម័តកញ្ចប់ថវិកាជំនួយ ដ៏សម្បើមមួយសម្រាប់អ៊ុយក្រែន និងអ៉ីស្រាអែល ដោយបញ្ជាក់ថានេះគឺជាការវិនិយោគមួយសម្រាប់អនាគតរបស់សហរដ្ឋអាមេរិកក្នុងនាមជាដឹកនាំពិភពលោក មួយ។ បើតាមសេតវិមាន កញ្ចប់ថវិការដែលលោក បៃដិន នឹងស្នើទៅកាន់សភាអាមេរិក មានទំហំ ១០០ពាន់លានដុល្លារ ដែលក្នុងនោះមានបញ្ចូលទាំងជំនួយ សម្រាប់ជួយអ៉ីស្រាអែល ក្នុងសង្រ្គាមជាមួយហាម៉ាស និងជួយអ៊ុយក្រែនប្រយុទ្ធតតាំងនឹងការឈ្លានពានពីរុស្ស៉ី៕
រូបថត: YONHAP NEWS